សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងកាន់តែត្រូវបានពូនជ្រុំកាន់រឹងមាំបន្ថែមទៀត។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបានបង្ហាញពីមិត្តភាពដ៏ស្និទ្ធស្នាល និងទំនាក់ទំនងជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច សម្រេចបានយ៉ាងឆាប់រហ័សនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័ននៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ សន្ដិសុខនិងការពារជាតិ ថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ(១) កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕SRP