លោកស្រីពៅ មករា រងការរិះគន់ថា សាងសង់សំណង់រឹងលើដីរដ្ឋនៅក្នុងផ្សារបារាយណ៍ អាជ្ញាធរជំនាញមិនហ៊ានប៉ះពាល់

ខេត្តកំពង់ធំ៖មានការលើកឡើងថាលោកស្រីពៅ មករា ភរិយា អធិការរងស្រុកបារាយណ៍បានសាងសង់សំណង់រឹងលើដីរដ្ឋនៅក្នុងផ្សារបារាយណ៍ បានដោយរលូន ករណីនេះអាជ្ញាធរជំនាញពាក់ព័ន្ធហាក់បីបណ្ដែតបណ្ដោយឲ្យលោកស្រីធ្វើតែអំពើចិត្តមិនហ៊ានទប់ស្កាត់នោះឡើយ។

សេចក្ដីរាយការណ៍ពីខេត្តកំពង់ធំបានអោយដឹងថាការសាងសង់សំណង់លើដីរដ្ឋ ពីសំណាក់លោកស្រីពៅ មករា បែបនេះ ក្រុមអាជីវករ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ករណីនេះអាជ្ញាធរជំនាញពាក់ព័ន្ធធ្លាប់បានចុះមកហាមឃាត់នូវការសាងសង់សំណង់នេះដែរ ក៏ប៉ុន្តែមិនអាចហាមឃាត់បាននោះទេ ដោយបានត្រឹមតែចុះទៅមើលចុះមើលឡើង ហើយត្រឡប់វិញ ទុកបណ្ដោយឱ្យលោកស្រីពៅ មករា សាងសង់បែបចំហរបន្ថែមទៀត។

ក្រុមអាជីវករបានលើកឡើងទៀតថា ផ្សារបារាយណ៍ គឺអ្នកស្រីពៅ មករា ជាអ្នកដេញភាស៊ីបាន ដូច្នេះគាត់ប្រើអំណាចសាងសង់សំណង់រឹងនៅលើដីរបស់រដ្ធ នៅក្នុងផ្សារតែម្ដងដោយមិនខ្លាចអ្វីទាំងអស់ទោះបីតែមានការហាមឃាត់ពីសំណាក់អាជ្ញាធរមូលដ្ឋានជំនាញពាក់ព័ន្ធនិងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ យ៉ាងក៏ដោយ បុគ្គលនេះមិនខ្លាចញញើតនិងអាជ្ញាធរចំនាញពាក់ព័ន្ធនោះឡើយ។ ប្រការដែលលោកស្រីពៅ មករា មិនខ្លាចញញើតនឹងអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងការសាងសង់សំណង់រឹងលើដីរដ្ឋបែបនេះគេនៅពុំទាន់ដឹងថាមានអ្វីនៅពីក្រោយខ្នងរបស់លោកស្រីឡើយ។

ករណីនេះត្រូវបានបណ្ដាញសង្គមបានធ្វើការផ្សព្វផ្សាយជាសាធារណៈចែករំលែកតៗគ្នាផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកស្រីពៅ មករា បាននៅឡើយទេចំពោះការលើកឡើងរបស់ក្រុមអាជីវករ រហូតដល់ម៉ោងចេញផ្សាយនេះ។

ទោះជាយ៉ាងណា ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារបារាយណ៍សង្ឃឹមថាលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលទើបនឹងតែងតាំងថ្មីនិង មានចំណាត់ការចំពោះបុគ្គលដែលបានសាងសង់សំណង់រឹងនៅលើដីរដ្ឋក្នុងផ្សារបារាយណ៍នេះជាក់ជាពុំខានឡើង៕SRP