ចិនចាក់សម្លាប់គ្នា ផ្តើមពីរឿង ជំរិតទារប្រាក់

ចិនចាក់សម្លាប់គ្នា ផ្តើមពីរឿង ជំរិតទារប្រាក់

ខេត្តបន្ទាយមានជ័យ៖អំពើឃាតកម្មដ៏សាហាវយង់យ្នង១ បានកើតឡើងនៅក្រុងប៉ោយប៉ែត រវាងឃាតករជាជនជាតិចិន បានសម្លាប់ ជនជាតិចិនដូចគ្នា ផ្តើមពីរឿង ជំរិតទារប្រាក់ជនរងគ្រោះ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៤រសៀល ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឃាតកម្មដ៏សាហាវយង់យ្នងនេះបើតាមការរៀបរាប់របស់ឈ្មោះ ទូច កញ្ញា  ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ ជឹង ហ័រកាង ជនជាតិចិន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី  រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់

មុនពេលកើតហេតុនោះ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2BA- 8553  ទៅលេងផ្ទះបងប្អូនជីដូនមួយនៅ  បុរីឌឹផាកស៊ីធី ក្រោយមកនៅវេលាម៉ោង១យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូនមួយមកផ្ទះវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវក្រោយពីទទួលបានពាក្យបណ្តឹងហើយលោក បានដឹកនាំកំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ១ក្រុមបេីកការស្រាវហូតដល់វេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរកឃើញរថយន្តរបស់ជនរងគ្រោះ ត្រូវបានជនសង្ស័យយកមកផ្លុងចោល និងបានដោះផ្លាកលេខចេញ។ កម្លាំងអាវុធហត្ថបានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខឃេីញមានរថយន្តចំនួន១គ្រឿងម៉ាកHyundai  Staria ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តជនរងគ្រោះ យកមកផ្លុងចោល ហើយបើកចេញបាត់តែម្តង។ 

 

លោកវរសេនីយ៍ទោ ព្រហ្ម ថេងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង៦ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយកម្លាំងបានចុះទៅដល់កន្លែងកើតហេតុឃើញថា សពនោះជាសពជនរងគ្រោះពិត មានសភាពហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន២ដុំ ទម្ងន់២០គីឡូក្រាម ហើយកម្លាំងជំនាញបាន បន្តបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានចំនួនម្នាក់ឈ្មោះ ស៊ុន ជៀភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បក្ខពួក២នាក់ទៀតគេចខ្លួនទៅប្រទេសថៃ ព្រមទាំងដកវត្ថុតាង រថយន្ត ម៉ាក Hyundai  Staria ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ១គ្រឿង កំលាំងអាវុធហត្ថកំពុងសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដេីម្បីស្វែងរកបក្ខពួកទាំង២នាក់ទៀតបន្តទៀត។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះ ឈ្មោះ ជឹង ហ័រកាងពិត ហើយមានគំរោងគិតទុកជាមុន ដើម្បីជំរិតទារប្រាក់ ពីជនរងគ្រោះ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ដោយទទួលបានការ អនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត  ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP