ទូក”ង”ប្រមាណជាង៣០នឹងចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្រុងសៀមរាប

ទូក”ង”ប្រមាណជាង៣០នឹងចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្រុងសៀមរាប

តាមរយៈក្រុមការងារបច្ចេកទេស រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក របស់រដ្ឋបាលខេត្តសៀមរាបបង្ហាញថា ទូកប្រមាណជាង ៣០ទូក នឹងចូលរួមប្រកួត នៅថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកាខាងមុខនេះ។

តាមការបញ្ជាក់ របស់ លោក អ៊ឹង គឹមលាង ប្រធានអនុគណៈកម្មការបច្ចេកទេស លើកឡើងថា នៅឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងស្រុក គ្រឹះស្ថានសាធារណៈ អង្គការ សមាគម គ្រឹះស្ថានឯកជន ជាច្រើន នឹងនាំយកទូកមកចូលរួមប្រកួត បន្ថែមពីនេះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គការជុំវិញខេត្ត ក៏នឹងចូលរួមអុំប្រកួត ដើម្បីញ៉ាំងឱ្យពិធីនេះ កាន់មានភាពសប្បាយរីករាយផងដែរ។

តាមការបញ្ជាក់របស់លោក អ៊ឹង គឹមលាង ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងក្រុងសៀមរាប នឹងចាប់ផ្តើមរៀបចំកម្មវិធីកម្សាន្តសប្បាយចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែវិច្ឆិកា ក្នុងនោះ រួមមាន ការប្រគុំមន្ត្រីសម័យ បុរាណ កម្មវិធីជិះទូកកម្សាន្តកម្មវិធីដាល់អំបុក កម្មវិធីលេងល្បែងកម្សាន្ត ពិព័រណ៍ម្ហូបអាហារ និងមានកម្មវិធីជាច្រើនទៀត

ទន្ទឹមនោះ លោក អ៊ឹង គឹមលាង ក៏បានណែនាំដល់អ្នកពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ឱ្យបានទូលំទូលាយទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាមួយនោះ ប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តត្រូវពង្រឹងសេវាកម្ម និងរក្សាតម្លៃសមរម្យចៀសវាងការតម្លើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប។SRP