ត្រៀមអាវរងា! កម្ពុជានឹង«ចុះត្រជាក់»ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករាឆ្នាំ២០២៥

ត្រៀមអាវរងា! កម្ពុជានឹង«ចុះត្រជាក់»ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករាឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថាចាប់ពីសប្តាហ៍ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ធាតុអាកាសនៅកម្ពុជា នឹងចាប់ចុះត្រជាក់ ដោយសារទទួលរងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់។ក្នុងកំលុងពេលដូចគ្នានេះ កម្ពុជា នឹងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួចផងដែរ។

បើតាមក្រសួងធនធានទឹក យោងតាមការអង្កេត ពិនិត្យនិងវិភាគ ទៅលើស្ថានភាពវិវឌ្ឍប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកាឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា មានប្រមាណ៦០% និងអេនសូ ៤០%

ក្រសួង បញ្ជាក់ថា ខេត្តនៅតំបន់វាលទំនាប មានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាមត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ មានសីតុណ្ហភាពមធ្យមអប្បបរមា២០អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សា។
ខ្យល់បក់មកពីទិសឦសាន និងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥%

ចំណែកបណ្តាខេត្តនៅតំបន់ខ្ពង់រាប មានកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរីមានសីតុណ្ហភាព មធ្យមអប្បបរមា២០អង្សា និងសីតុណ្ហភាព មធ្យមអតិបរមា៣០អង្សា និងមានខ្យល់បក់មកពីទិសឦសាន និងទិសឧត្តរ។

រីឯតំបន់មាត់សមុទ្រវិញ ដែលមានខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប មានសីតុណ្ហភាពមធ្យមអប្បបរមា២១អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សា និងមានខ្យល់បក់មកពីទិសឦសាន និងអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ,៥០ម៉ែត្រ។

ដោយឡែក តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា១៩អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សា និងមានខ្យល់បក់មកពីទិសឦសាន។

ស្របពេលដែលទូទាំងប្រទេស នឹងទទួលរបបទឹកភ្លៀងតិចតួច ក្រសួងធនធានទឹក បានអំពាវនាវឱ្យពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុក ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្ន ដើម្បីធានាដល់ការប្រើប្រាស់ និងស្រោចស្រពផលដំណាំ៕SRP