សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ក្រុងប៉ោយប៉ែត ហួសសុពលភាពនិងបង្កប៉ះពាល់ខ្លាំង ពលរដ្ឋនិងមន្ត្រីស្នើរអោយដូរទីតាំង

សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ក្រុងប៉ោយប៉ែត ហួសសុពលភាពនិងបង្កប៉ះពាល់ខ្លាំង ពលរដ្ឋនិងមន្ត្រីស្នើរអោយដូរទីតាំង

ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនានា ក្នុងការបំភ្លឺដោយឡែកគ្នា ហើយអោយសារព័ត៌មានដឹងថា  សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ស្ថិតនៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានហួសសុពលភាព ធ្វើអាជីវកម្មស្របច្បាប់យូរហើយ និងបង្កប៉ះពាល់ខ្លាំងដោយខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាន និងលើមនុស្សរស់នៅជុំវិញផងដែរ។ អ្នកវិនិយោគនេះ ពុំបានគោរព អនុវត្តនិងកែលម្អតាមកិច្ចសន្យាឬការណែនាំរបស់ជំនាញនិងអាជ្ញាធរឡើយ។ ហេតុនេះ មានតែបញ្ឈប់ជាស្ថាព៛លើអាជីវកម្ម ហើយប្រគល់ដីរដ្ឋ ទីកន្លែងទំហំ២០មគុណ២០មនោះជូនជាទ្រព្យសម្បត្តរដ្ឋវិញ.។

ឯម្ចាស់សត្តឃាតដ្ឋាននេះ បានបំភ្លឺប្រាប់សារព័ត៌ុំមានកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ថា ខ្លួនធ្លាប់សុំប្តូរទីតាំងតាំងពីយូរមកហើយ ប៉ុន្តែថ្នាក់លើនិងថ្នាក់ក្រោម មិនទទួលយកសំណើខ្លួន ។ 

ប្រជាពលរដ្ឋរស់នៅម្តុំនោះ បានប្រាប់ថា៖ ពួកខ្លួនរាប់សិបគ្រួសារបានរស់នៅ ស្នាក់នៅដោយរងផលប៉ះពាល់បរិស្ថាន និងសុខភាព ក្រោមការជះក្លិនស្អុយ ឆ្អេះឆ្អាប  សម្លេងរំខាន និងកាកសំណល់ ដែលគ្មានអនាម័យ ឬទុកដាក់សមស្របបង្កឡើងដោយសត្តឃាតដ្ឋានសត្វជ្រូក នៃក្រុមហ៊ុននាងខត្តីយឯក Neang Khatey Co.,Ltd របស់លោកផាន់ ដារ៉ារឹទ្ធិ នៅផ្លូវវត្តថ្មី នៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនេះ។

ចំណែកលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត ប្រាប់សារព័ត៌មានដែរថា៖ អាជ្ញាធរដែនដីមូលដ្ឋាន ទទួលបណ្តឹងនិងការត្អូញត្អែរ រហូតមកជាយូរហើយ របស់ប្រជាពលរដ្ខនៅម្តុំនោះ ពីការបង្កបញ្ហាដោយសត្តឃាតដ្ឋានសត្វជ្រូក ផាន់ ដារ៉ារឹទ្ធិ នេះ។ គឺដូចជាផលប៉ះពាល់លើសុខភាពអនាម័យនិងបរិស្ថាន។ ចំណែកអាជ្ញាធរនិងជំនាញវិញ ត្រូវចំណាយពេល កម្លាំងនិងថវិកា ជាច្រើនទៅបូមនិងកាយកាកសំណល់រឹងរាវពីក្នុងលូដែលសត្តឃាតដ្ឋានទម្លាក់ចូលទាំងស្រុងរាល់ថ្ងៃ។

ករណីនេះដែរ ជំនាញពេទ្យខេត្តនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ កន្លងមកថ្មីៗនេះ ការិយាល័យបានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យ និងវាយតម្លៃសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិនេះ នៅភូមិបាលីលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយឃើញថា  ទី១-សត្តឃាតដ្ឋានមានទីតាំងខាងលើហួសសុពលភាព។ [ ក្រសួងកសិកម្ម អនុញ្ញាតិគោលការណ៍និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិកម្មសត្វ អនុញ្ញាតិបន្តសុពលភាព៥ឆ្នាំ គិតពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩  ដល់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤។ ចំណែកឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតិច្បាប់វិនិយោគពីថ្ងៃទី០១ខែមករាឆ្នាំ២០០៩ ដល់៣១ខែធ្នូឆ្នាំ២០១៣ ]។ ទី២-ទីតាំងនៅកណ្តាលទីប្រជុំជន មិនអាចធ្វើអាជីវកម្មបានទៀតទេ។ ទី៣- ខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងមនុស្សរស់នៅជុំវិញ។ ពោលគឺផ្ទុយនឹងលក្ខ័ខ័ណ្ឌក្នុងអនុក្រឹត្យលេខ១០៨ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាននិងការត្រួតពិនិត្យ អនាម័យសត្វ ។ដូច្នេះ ស្នើសុំបញ្ឈប់ស្ថាពរលើអាជីវកម្មសត្តឃាតដ្ឋានជ្រូក ប្រភេទ”ក”.នេះ។

ចំណែករដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចាត់តាំងលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តអោយដឹកនាំប្រជុំនៅសាលាខេត្តនិងចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ដែលជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាពចូលរួមមាននាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរដែនដី សមត្ថកិច្ច ព្រមទាំងលោកផាន់ ដារ៉ារឹទ្ធិ ផងដែរ។ ពោលគឺដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីទីតាំងដែលជាទ្រព្យសម្បត្តិរដ្ឋនិងការបង់ថវិកាតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក។

លោកផាន់ ដារ៉ារឺទ្ធិ  មានឈ្មោះជាម្ឋាស់សត្តឃាតដ្ឋានជ្រូក ផាន់ ដារ៉ារឹទ្ធិ ដូចខាងលើបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា៖ ករណី

អាជីវកម្ម នេះ ឱ្យបន្តសុពលភាពឬមិនឱ្យគឺស្ថិតនៅលើជំនាញនោះឯង។ ដូចជាកន្លងមកដើម្បីកុំឱ្យមានប៉ះពាល់ដល់បរិស្ថាន អនាម័យនិងអ្នករស់នៅម្តុំនោះ  ភាគីលោកបានស្នើសុំដ៏ទទូចប្តូរទីតាំងនេះ ទៅកន្លែងថ្មី។ ប៉ុន្តែជំនាញមិនព្រមឡើយ។

លោកបានបន្តថា៖ ជាក់ស្តែងសត្តឃាតដ្ឋាន នេះ មានឈ្មោះលោកមែន ប៉ុន្តែមកទល់ពេលនេះ   អ្នកគ្រប់គ្រង និងធ្វើអាជីវកម្មគឺ អ្នកស្រី វុន យីហ៊ុបឯណោះទេ (ភរិយាចុងរបស់ឪពុកលោក)។

លោកផាន់ ដារ៉ារឺទ្ធិ បានបញ្ជាក់ថា៖ ករណីសត្តឃាតដ្ឋានជ្រូក នេះ(មានទំហំ២០មគុណ២០ម ) តាមពិតជាដីកម្មសិទ្ធិឯកជន មានប័ណ្ណសម្គាល់អចលវត្ថុឈ្មោះលោក។ វាមិនមែនជាទ្រព្យសម្បត្តិរដ្ឋដូចមន្ត្រីនៅមូលដ្ឋានប៉ាន់ស្មាននោះឡើយ។

ទាក់ទិននឹងការប្រជុំដោះស្រាយនិងការចុះពិនិត្យទីតាំង ដែលមានឈ្មោះលោក នោះ លោកថា លោកមិនដែលបានដឹងនិងមិនត្រូវអនុញ្ញាតិអោយចូលរួមឡើយឬអាចថា គេពង្វាងលោករហូត៕SRP