វេជ្ជបណ្ឌិត អុឹង សុភាព លោតទឹកសម្លាប់ខ្លួនដោយខ្លួនឯង

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅល្ងាចថ្ងៃអង្គារនេះថា ជនរងគ្រោះឈ្មោះ អុឹង សុភាព ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ:វេជ្ជបណ្ឌិត មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា
នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រោមកញ្ចុះបារាយណ៍ទឹកថ្លា ស្ថិតនៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ស្លាប់អណ្តែតទឹក។

របាយការណ៍បានបន្តថា តាមការបញ្ជាក់របស់ក្រុមគ្រួសារបានរៀបរាប់ថា៖ ឈ្មោះ អុឹង សុភាព ខាងលើបានចាកចេញពីផ្ទះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៤:៣០នាទីព្រឹក ដើម្បីហាត់ប្រាណ ហើយក៏បាត់មិនអាចទាក់ទងបានរហូតមកដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពឈ្មោះ អុឹង សុភាព នៅចំណុចកើតហេតុខាងលើ ។

តាមការស្តាប់បំភ្លឺរបស់ឈ្មោះ ថាច ធារ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ជូនសមត្ថកិច្ចយើងថា៖ នៅថ្ងៃទី២៩  ខែតុលា ឆ្នាំ២០២៤  នៅវេលាម៉ោង៩:៣០នាទី ខណៈពេលរូបខ្លួនកំពុងតែសំអាតកញ្ចុះសម្រាប់ឱ្យភ្ញៀវអង្គុយ ស្ថិតនៅបារាយណ៍ទឹកថ្លាខាងកើតក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ក៏ស្រាប់តែមានធំក្លិនស្អុយចេញពីក្រោមកញ្ចុះ ភ្លាមនោះរូបខ្លួន ក៏បានមើល ហើយឃើញមានសាកសព មនុស្សប្រុស ពាក់អាវយឺតពណ៌ខៀវ អណ្ដែតទឹក នៅខាងក្រោមកញ្ចុះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

តាមការបញ្ជាក់របស់គ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេសកោសល្យវិច្ច័យ បានបញ្ជាក់ថា សពខាងលើ គឺពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន ពុំមានស្លាកស្នាម លើរូបរាងអង្គកាយ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ ចំណែកមូលហេតុនៃការធ្វើអត្តឃាត អាចបណ្តាលវិបត្តិផ្លូវចិត្ត។ វត្ថុជាប់នឹងខ្លួនសាកសពដែលសមត្ថកិច្ចបានរកឃើញ៖ ទូរស័ព្ទដៃ ចំនួន១គ្រឿង, ការបូបលុយ០១,  សោររថយន្ត (តាមការបញ្ជាក់ពីក្រុមគ្រួសារសពគឺពុំមានការបាត់បង់អ្វីនោះទេ)៕SRP