លោកអ៊ុន ចាន់ដា ចុះពិនិត្យការកសាងផ្លូវក្រាលកៅស៊ូ និងបេតុង នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យនេះបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការកសាងសង់ផ្លូវកៅស៊ូថ្មី និងបេតុង នៅលើខ្សែផ្លូវ KC-12 ចាប់ពីឃុំ ទ្រាន ទៅដល់ ឃុំស្រក ស្រុកកំពង់សៀម។

 ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលមានប្រវែង ៧៥.៣គីឡូម៉ែត្រ ដែលមានស្រុកចំនួន ៣ គឺ ស្រុក ជើងព្រៃ ស្រុកព្រៃឈរ និង ស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារពិភពលោក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd)។

1. ចំពោះកំណាត់ផ្លូវ KC1 ស្ថិតនៅ ឃុំទ្រាន ទៅដល់ រង្វង់មូលនៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប 13,80គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ដោយក្រាលកៅស៊ូ 2ជាន់ និង ចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ 1ជាន់។ តែចាប់ពី PK2+900 to 5+000 គឺប្រវែង 2100ម៉ែត្រនៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់ 0,2ម៉ែត្រ និង ចិញ្ចើមផ្លូវ 0,5ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ 1ជាន់ សរុបទទឹងផ្លូវ គឺ៨ម៉ែត្រ។ 

ទីតាំងមួយទៀត គឺចាប់ពី PK8+700 to 9+200 គឺមានប្រវែង 500ម៉ែត្រ ដែលនៅលើទំនប់កែប្រែ មានទទឹង ៧ម៉ែត្រ កម្រាស់ 0,2ម៉ែត្រ និងចិញ្ចើមផ្លូវ 0,5ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រដែរ ។  សរុបប្រវែងផ្លូវបេតុង ទាំង2ទីតាំង គឺ 2600ម៉ែត្រ៕SRP