អភិបាលខេត្តបាត់ដំបង ផ្ដាំផ្ញើដល់ពលរដ្ឋ ដែលរស់នៅ រ៉បផ្លូវបេតុងទាំង ជួយមើលថែរក្សាការពារ ស្រោចទឹកដើមឈើ ធ្វើយ៉ាងណាឱ្យបានរស់ ចេញពណ៌ខៀវស្រស់បំព្រង

អភិបាលខេត្តបាត់ដំបង ផ្ដាំផ្ញើដល់ពលរដ្ឋ ដែលរស់នៅ រ៉បផ្លូវបេតុងទាំង ជួយមើលថែរក្សាការពារ ស្រោចទឹកដើមឈើ ធ្វើយ៉ាងណាឱ្យបានរស់ ចេញពណ៌ខៀវស្រស់បំព្រង

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលរស់នៅ រ៉បផ្លូវបេតុង ទាំង ៥ ខ្សែនេះថា ផ្លូវទាំងប្រាំខ្សែ ក្នុងភូមិសង្កែវារនេះ គឺមានដាំដើមឈើ អមសងខាងផ្លូវ ហើយដើមឈើទាំងនេះ លោក សុំឲ្យប្រជាពលរដ្ឋ ជួយមើលថែរក្សាការពារ ស្រោចទឹក ធ្វើយ៉ាងណាឱ្យបានរស់ ចេញពណ៌ខៀវស្រស់បំព្រង ដែលជាផ្នែកមួយ ជួយលម្អដល់ភូមិដ្ឋានរបស់យើង ក៏ដូចជាចូលរួម ការពារបរិស្ថាន អនាម័យ សម្រាប់សុខភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងនេះទៀតផងដែរ។

អភិបាលខេត្តបាត់ដំបងមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ ពិធីសម្ពោធផ្លូវបេតុង និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តពោធិរង្សីវឌ្ឍនារាម(ហៅវត្តសង្កែវារ) ក្នុងភូមិ សង្កែវារ ឃុំ- ស្រុកបវេលខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ម្សិលមិញ។

លោក សុខ លូ និងលោកជំទាវ ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តពោធិរង្សីវឌ្ឍនារាម (ហៅវត្តសង្កែវារ) និងជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយ ប្រគល់ជូន លោកតា លោកយាយ ចាស់ជរា ស្រ្ដីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន១០០គ្រសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មីមួយកេះ ទឹកបរិសុទ្ធមួយកេះ ត្រីខកំប៉ុងមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងទឹកត្រីមួយយួរផងដែរ។

សុំជម្រាបថា សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការខេត្តស្រុកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធផ្លូវបេតុងចំនួន ៥ខ្សែ ដែលបានសាងសង់រួចមានប្រវែង ១៨៨៣ម៉ែត្រ ក្នុងនោះ​ ផ្លូវប្រវែង​ ១.០៣៥ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ និងផ្លូវប្រវែង​៨៤៨ម៉ែត្រ​ ទទឹង៥ម៉ែត្រ ព្រមទាំងដាក់បង្គោលភ្លើងសូឡា ចំនួន១០០ ដើម និងមានដាំដើមឈើលម្អសងខាងផ្លូវ ស្ថិតក្នុងភូមិសង្កែវារ ឃុំបវេល ស្រុកបវេល៕SRP