ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ និងការការតាំងពិពណ៌ អាហារយ៉ាងសម្បូរបែប ការសម្តែងពីក្រុមសិល្បៈករខ្មែរ និងបរទេស(រយៈពេល២ថ្ងៃ ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៤) នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌។
ពិធីនេះនៅថ្ងៃសុក្រ ម្សិលមិញ ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ អង្គភាព និងបងប្អូនប្រជាពលរដ្ឋ។
លោក យុន លីនណេ បានថ្លែងថា ភូមិវត្តបូព៌ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស ប្រចាំឆ្នាំ២០២២ ដែលត្រូវបានផ្សាយបន្តដោយ CNN ព្រមទាំងមានការសរសេររៀបរាប់ពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់ របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ ទន្ទឹមនោះ ទីអារាមមួយនេះ ក៏បាននឹងកំពុងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណផងដែរ។
លោកអភិបាលរងបន្តថា ដោយឃើញពីភាពសម្បូរបែប ទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើត គម្រោងសហគមន៍ភូមិវត្តបូព៌ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវ រក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។
លោកយុន លីនណេ បន្តថា ក្នុងក្របខ័ណ្ខលើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាប បាននឹងកំពុងពង្រឹងនិងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព លើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជម្រុញខេត្តសៀមរាបឱ្យក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ជាតិទាំងមូល។
ជាមួយគម្រោងថ្មីនេះ អាជីវករ នៅតាមបណ្តោផ្លូវលេខ២៦ ក្នុងភូមិវត្តបូព៌នេះ បានលើឡើងថា ពួកគាត់សប្បាយរីករាយ និងចង់បានការរៀបចំបែបនេះ។ អ្នកស្រីមួង ទេវី ម្ចាស់ភោជនីយដ្ឋាន នៅតាមផ្លូវ២៦នេះដែរ ក៏បានលើកឡើងដែរថា អ្នកស្រីមានការសប្បាយចិត្តមែនទែន នៅពេលដែលផ្លូវលេខ២៦នេះ មានសភាពល្អស្អាតបែបនេះ។ អ្នកស្រីថា “នេះជាទី១ហើយនៅសៀមរាប។ វាមានការផ្លាស់ប្តូរច្រើនហើយស្អាតជាងគេ”៕SRP