លោកប្រាក់ សោភ័ណ៖ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់លើគ្រប់វិស័យ

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់លើគ្រប់ វិស័យ តួយ៉ាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតកាលានុវត្តភាព ប្រព័ន្ធបម្រើសេវាសាធារណៈនានា ប្រព័ន្ធសុវត្ថិភាពសង្គម    បរិស្ថាន អនាម័យ និងសុខមាលភាព ការធ្វើឲ្យកាន់តែប្រសើរឡើង ពិសេសធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព និងរបៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

អភិបាលខេត្តបន្តថា ការរៀបចំពិធីគម្រប់ខួប២០ឆ្នាំ នៃការអនុវត្តគម្រោងនានា របស់អង្គការ DAIL COMMUNITY បានឆ្លុះបញ្ចាំងបង្ហាញនូវ កិច្ចសហប្រតិបត្តិការ ដ៏ល្អរបស់ដៃគូអភិវឌ្ឍន៍ អន្តរជាតិ  ក្នុងការរួមចំណែកលើដំណើរការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាសម្រាប់ខេត្តសៀមរាប នាពេលកន្លងមក ព្រមទាំងអរគុណ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េ ទាំងអស់សម្រាប់ការបំពេញការងារ ក្នុងស្មារតីមនុស្សធម៌ សង្គមធម៌ តម្លាភាព ក្នុងការ ជម្រុញនូវវឌ្ឍនភាពកម្ពុជាកន្លងមក និងបន្តឆ្ពោះទៅមុខជាបន្តបន្ទាប់។

អភិបាលខេត្តសៀមរាប មាឌប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃចន្ទម្សិលមិញ ក្នុងពិធី គម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោង
អង្គការ DAIL COMMUNITY កម្ពុជា ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប។

នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌នៅកម្ពុជា  ចំពោះអង្គការជា អ៊ុល នៅកម្ពុជា ដែលសម្រេចបានលទ្ធផល គួរកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងគ្រួសារ ក្រីក្រនៅក្នុងសហគមន៍ខេត្តសៀមរាប។

រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានថ្លែងអំណរគុណ និង កោតសរសើរចំពោះអង្គការ ដា អ៊ុល និងលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអភិវឌ្ឍ ដល់ប្រជាពលរដ្ឋ ឲ្យមានភាពកក់ក្តៅ សីលធម៌ ប្រពៃណី និងចំណេះដឹងផ្សេងៗ សម្រាប់ជាមធ្យោបាយ ក្នុងការរស់នៅក្នុងសង្គម ជាប្រជាពលរដ្ឋល្អ បានទទួលធ្វើការងារជាមន្ត្រីរាជការ ប្រកបការងារក្នុងវិស័យឯកជន និងទៅរៀនបន្ត នៅ បរទេស មានភាពធូរស្រាលជាងមុន។ សកម្មភាពដ៏ល្អប្រពៃថ្លៃថ្លា របស់អង្គការដា អ៊ុល ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ព្រោះជោគជ័យ សម្រេចបាននៅពេលអនាគត គឺជាទំពាំងស្នងឫស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមផែនការយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លោកទៀ សីហា មានជំនឿជឿជាក់ថា ពិធីនាពេលនេះ នឹងផ្តល់ឱកាសដល់សហគមន៍ ជា អ៊ុល រួមជា មួយអ្នកពាក់ព័ន្ធទាំងអស់  នឹងបន្តទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធថែមទៀត  ដើម្បីធ្វើការរួមគ្នាជាដៃគូរវាងអង្គការក្រៅរដ្ឋាភិបាល ជាមួយក្រសួង មន្ទីរ ស្ថាប័ន វិស័យឯកជន និងរដ្ឋបាល សមត្ថកិច្ចពាក់ព័ន្ធ ដែលជាចក្ខុវិស័យបង្ហាញពីការរួម ចំណែកជម្រុញ និងលើកទឹកចិត្តបង្កើតកម្មវិធីមនុស្សធម៌នានា ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ក្រីក្រ និងកសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនមានពិការភាព ស្របតាមស្មារតីវប្បធម៌ចែក រំលែក។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ និងជម្រុញដល់អង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌នេះ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ៕SRP