ភ្នំពេញ៖អគ្គនាយកពន្ធដារបានប្រកាសថាខ្លួន នឹងចុះធ្វើសវនកម្ម ដល់ទីកន្លែង លើសហគ្រាស ចំនួន ៣ ០០៦ ក្នុងឆ្នាំ២០២៤។
នេះបើតាមសេចក្ដីប្រកាសធ្វើឡើង នៅថ្ងៃទី 9 ខែកក្កដាឆ្នាំ 2024។
ក្នុង សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤ របស់អគ្គនាយកពន្ធដារ បានបង្ហាញថា ៖ អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣, ប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្ម ពន្ធដារ និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ ដែល ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធ ទាំងអស់ជ្រាបថា អគ្គនាយកដ្ឋានពន្ធដារនឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣ ០០៦ ក្នុងឆ្នាំ២០២៤ នេះ ដែលលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធនឹងត្រូវផ្ញើជូនដល់សហគ្រាសនីមួយៗ ដើម្បីត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។
ផ្អែកតាមគោលការណ៍នៃសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនអ្នកជាប់ពន្ធបន្ថែមទៀតថា សហគ្រាសអាចត្រូវបានចុះធ្វើ សវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់ ៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានហានិភ័យ ឬភាពមិនប្រក្រតី។
ជាមួយគ្នានេះ សហគ្រាសអាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងករណីសហគ្រាសមានបំណង ឱ្យមានការធ្វើសវនកម្មពន្ធដារ ដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់ ៣ (បី) ឆ្នាំនេះ។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់នឹងយកចិត្តទុក ដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕SRP

