ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម បានដាក់បទបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តឱ្យចុះអន្តរាគមន៍ រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដើម្បីទប់ស្កាត់បញ្ហាអាណាធិបតេយ្យ បន្ទាប់ពីមានអ្នកទទួលការមួយចំនួនបង្កការអុកឡុកក្នុងអំឡុងពេលដំណើរការដាក់ដេញថ្លៃនោះ។
ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅថ្ងៃពុធនេះ។
ដើម្បីធានាការដេញថ្លៃគម្រោងមូលិធិឃុំ-សង្តាត់ ឲ្យដំណើរការរលូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវឱ្យការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព គណនេយ្យភាពនិងជៀសវាងដាច់ខាត នូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ អនុវត្តនីតិវិធី នៃការដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាស ចាំយកលុយទឹកតែ ពោលគឺត្រូវលុបបំបាត់នូវភាពអសកម្ម ទាំងឡាយ ដើម្បីធ្វើការពង្រីកសមិទ្ធផល ក្នុងមូលដ្ឋានរបស់យើងឲ្យកាន់តែច្រើនឡើង។
អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវធ្វើលិខិតបេសកកម្ម ឱ្យអ្នកសារព័ត៌មានចេញពីមន្ទីរព័ត៌មានខេត្ត ចុះទៅយកព័ត៌មានដោយផ្ទាល់ ពេលដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ តាមចំនួនមានការកំណត់ ធ្វើយ៉ាងណា ត្រូវជៀសវាងនូវភាពរញ៉េរញ៉ៃ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យលើទម្រង់ របាយការណ៍របស់ក្រសួងមហាផ្ទៃ និងរបាយការណ៍របស់រដ្ឋបាលខេត្ត ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម (ចាប់ពីខែកញ្ញា ២០២៣ ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៤)៕SRP

