អាជ្ញាធរខេត្តកំពង់ចាម ប្រាប់មន្ត្រីចុះបញ្ជីដីធ្លី ឲ្យបានលឿន ដើម្បីរួចរាល់ក្នុងឆ្នាំ២០២៤

0

ខេត្តកំពង់ចាម​៖ក្នុងនាមអាជ្ញាធរ អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានប្រាប់ដល់​មន្ត្រីក្រុម​ចុះ​បញ្ជី​ដីធ្លី​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ធ្វេីយ៉ាងណា​ ត្រូវ​បង្កេីនល្បឿន​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​សម្រេច​តាម​ផែនការ​ ដេីម្បី​ឈាន​ទៅ​ដល់​ការ​ប្រកាស​ខេត្តកំពង់ចាម​ ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ​ចប់​សព្វគ្រប់​ ១០០%​ ចុង​​ឆ្នាំ​២០២៤​នេះ​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ នៅ​សាលា​ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ គ្រោង​នឹង​​យក​ខេត្តកំពង់ចាម​ ធ្វើ​ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ឱ្យ​បាន​ចប់​សព្វគ្រប់​ ១០០%​ ចុង​​ឆ្នាំ​២០២៤​នេះ​ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​អនុវត្តការងារនេះ បន្តស្នាដៃ​ឱ្យ​បានសម្រេច​នូវ​ផែនការដែលបានដាក់ចុះ ទន្ទឹមនេះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាពលរដ្ឋ​ ឱ្យ​បាន​ចូលរួមក្នុងសកម្មភាពការងារ​នេះ​ឱ្យ​បានខ្លាំងក្លា​បន្ថែម​ទៀត​។​

អភិបាលខេត្ត​ រូបនេះក៏បាន​ស្នេី​ដល់​មន្ទីរ អង្គភាពពាក់ព័ន្ធនានា​ ត្រូវចូលរួមកំណត់ព្រំប្រទល់​ ឱ្យ​បានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក​ ប្រឡាយ បឹង ឡូតិ៍នេសាទ ។ល។​ ក្រៅពី​នោះ​សូម​ឱ្យ​ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទ​ដីធ្លី​ឱ្យ​មានការថយចុះជាលំដាប់។ នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ សូម​ឱ្យ​គណៈកម្មការរដ្ឋបាល​ពន្លឿន​ការងារ ដោះស្រាយ​ទំនាស់ដែលនៅសេសសល់ ឱ្យ​បានឆាប់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

បេីតាម​របាយការណ៍​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ លទ្ធផលនៃការជម្រុញការងារថ្មីចុះបញ្ជីដីធ្លី (គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤) ខេត្តកំពង់ចាម​ ក្បាលដីត្រូវចុះបញ្ជីប៉ាន់ស្មាននៅសេសសល់ប្រមាណ ១៥១,៧៤៧ក្បាលដី ស្មើនិង១៥៦ភូមិ នៃ២៤ឃុំ ៥ស្រុក (ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស) អោយចប់ ជាស្ថាពរទូទាំងខេត្តកំពង់ចាមនៅឆមាសទី១ ឆ្នាំ២០២៤​នេះ​៕SRP