ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈផេកផ្លូវការរបស់លោក បន្ទាប់ពីមានករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្រុងភ្នំពេញ។
តាមរយៈសំណេររបស់លោកហ៊ុន ម៉ានី បានបង្ហាញថា៖ ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។
ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។
ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល។
សុំជម្រាបថា សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាម្នាក់ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់។ ចំណែកមនុស្សចំនួន ៣នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនយកទៅសាកសួរពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅក្នុងបុរីប៉េងហួតបឹងស្នោរ។
ឧកញ៉ាដែលចាប់ខ្លួនឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ។ ឧកញ៉ារូបនេះបានបញ្ជាក់ថា មូលហេតុដែលបាញ់ដោយសារជនរងគ្រោះជេរខ្លួន។
ឧកញ៉ារូបនេះបានជិះរថយន្តរត់គេចខ្លួនទៅដល់អង្គស្នួលត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង លីសុង (ប្រុស) និងឈ្មោះ ឃីន កញ្ចណា។ អ្នកទាំងពីរជាគូរដណ្តឹងនិងគ្នា។
ករណីឃាតកម្មបាញ់សម្លាញ់មនុស្សចំនួន ២នាក់ និងរបួសម្នាក់ នៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរ ផ្លូវ P10 គម្រោង ៧ កាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៕SRP

