ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដាក់បទបញ្ជា ជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាបង្ក្រាបបទល្មើសនានា និងពង្រឹងការ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាព បន្ថែមទៀត ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង រាល់សកម្មភាព ដែលបង្កឱ្យមានអសន្តិសុខ ដល់សង្គមជាតិ។
ការដាក់បទបញ្ជា ពីសំណាក់អភិបាលខេត្តសៀមរាប នៅថ្ងៃសុក្រនេះ ក្នុងឱកាស អញ្ជើញប្រកាស
ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប និងសមាជិកក្រុមប្រឹក្សា ២១រូប អាណត្តិទី៤ ឲ្យចូលកាន់មុខតំណែងជាផ្លូវការ។
នៅសាលប្រជុំសាលាក្រុងសៀមរាប នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 នេះ ឯកឧត្តម ប្រាក់ សោភ័ណ
បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាសាធារណៈ នានាជូនប្រជាពលរដ្ឋ ជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យ ប្រជាពលរដ្ឋ គ្រប់រូប និងសង្គមជាតិទាំងមូល មានសុខ សុវត្ថិភាព ល្អ លើកកម្ពស់ សោភណភាព អនាម័យបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ និងគ្រោះថ្នាក់ ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ ព្រមទាំងលើកទឹកចិត្ត ឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងមូលដ្ឋាន។
អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា ដើម្បីតបទៅនឹងគុណតម្លៃ នៃការជឿទកចិត្ត របស់ប្រជាពលរដ្ឋ ដែលបានចាត់តំណាង ឱ្យបោះឆ្នោតជ្រើសរើស ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង នាពេលនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
អភិបាលខេត្តសៀមរាបរូបនេះបានបញ្ជាក់ថា ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាព ការងារ ការគោរពច្បាប់ គោរពគោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ការ របស់មន្រ្តីនៅក្នុងការ បំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួនទាំងមូល៕SRP

