ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតខណៈឪពុកម្ដាយបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីបានហូបនំបញ្ចុក។ នេះបើតាមព័ត៌មានបឋម។
ប្រភពព័ត៌មានពីស្រុកស្វាយលើ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០ នាទី មានករណីមនុស្សស្លាប់សង្ស័យថាពុល នំបញ្ចុក នៅចំណុច ផ្ទះជនរងគ្រោះ ភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ។
ប្រភពបានអោយដឹងថា នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៤ ម្ដាយជនរងគ្រោះ ឈ្មោះ ហ៊ុន គឿន អាយុ ៥០ឆ្នាំ បានទិញនំបញ្ចុក ពីឈ្មោះ ប៊្លូ (មិនស្គាល់ឈ្មោះជាក់លាក់រស់នៅភូមិ ព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជិះលក់តាមម៉ូតូនៅក្នុងបរិវេណស្រុកស្វាយលើ ចំនួនមួយគីឡូ បន្ទាប់មកម្ដាយរបស់ ជនរងគ្រោះ បានហូបខ្លះនិងទុកឲ្យកូនខ្លះ លុះដល់ពេលល្ងាចម៉ោង១៧:០០នាទី ជនរងគ្រោះ ឈ្មោះ សួន ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សួន ស្រីណុត ភេទស្រី អាយុ១៤ឆ្នាំ និងឈ្មោះសួន គន្ធា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ បាននាំគ្នាហូបនំបញ្ចុកដែលម្ដាយទុកឲ្យ ក្រោយពេលហូបបានរយ:ពេលចំនួន១០នាទី ស្រាប់តែមានអាការ:ឈឺក្បាល វិលមុខ ក្អួតចង្អោរ ភ្លាមនោះ ឪពុកឈ្មោះ ឃ្លាំង សួន បានរកឡានអ្នកជិតខាងដឹកកូនទាំង៣នាក់ មកមណ្ឌលសុខភាពស្វាយលើ ក្រោយពេលមកដល់ឈ្មោះ សួន ពិសិទ្ធ ភេទ ប្រុស អាយុ២០ឆ្នាំ ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។ ចំណែកប្អូនស្រី២នាក់ ទៀត សួន ស្រីណុត និង សួន គន្ធា ត្រូវបានលោកគ្រូពេទ្យនៅមណ្ឌលសុខភាពស្វាយលើបញ្ជូនទៅមណ្ឌលសុខភាពសូទ្រនិគមបន្ត។
ជុំវិញករណីនេះ គេនៅពុំទាន់ឃើញមន្ត្រីជំនាញសុខាភិបាលស្រុកនិងខេត្តចេញសេចក្ដីប្រកាសព័ត៌មាននៅឡើយ៕SRP

