សម្តេចហ៊ុន ម៉ាណែត ដំឡើងឋានៈដល់មន្ត្រី ថ្នាក់ក្រោមជាតិ ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន

ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និងភារកិច្ច​ ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ​ការធ្វេីប្រតិភូកម្មមុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រេីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន។

នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ ដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ ។

នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ឱ្យអនុវត្តនូវ​យុទ្ធសាស្ត្របញ្ចកោណ-ដំ​ណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យ​បាន​នូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រ​ទេស​ដែលមានចំណូលខ្ពស់ ។ ឈរលើ​ស្មារតី​នៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជា​​​ចំណុចស្នូលនៃ​យុទ្ធសាស្រ្ត​បញ្ចកោណ រាជរដ្ឋាភិបាលបានផ្តល់​តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀត​ការងារកែទម្រង់ ពិសេសការកែ​ទម្រង់​​​រដ្ឋបាល​សាធារណៈ ការជំរុញការអនុវត្តគោលនយោ​បាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធ​យុត្តិធម៌ និងការ​កែទម្រង់តាមវិស័យ​អាទិ​ភាពគន្លឹះផ្សេងៗ​ទៀតរបស់រាជរដ្ឋាភិបាលរួមមានអប់រំ និងសុខាភិបាល ។ ក្នុងន័យ​​នេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំង​ការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធ​សាស្ត្រនានានៅក្នុងបរិការណ៍ នៃការវិវត្តប្រែប្រួលយ៉ាង​ឆាប់រហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចទាំង​ក្នុងនិងក្រៅប្រទេស។

សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់អំពីកិច្ចការអាទិភាព និងគោលបំណង​ យុទ្ធសាស្ត្រមួយចំនួនដែលមានចង្អុលបង្ហាញ ក្នុងយុទ្ធសាស្ត្របញ្ច​​កោណ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារកែទម្រង់ ការលើក​កម្ពស់អភិបាលកិច្ច និង​​​ការធ្វើទំនើបកម្មសា្ថប័នសាធារណៈ ដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ រួមមាន (១) ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដោយផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថ​ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ ប្រជាជនឱ្យកាន់តែប្រសើរ និងឆ្លើយតបក្នុងលទ្ធភាពខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយ​​​ផ្តោតលើការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈទាំងនៅកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដោយផ្តោតលើការលើក​​​កម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្តចំពោះរដ្ឋបាល សាធារណៈ ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព (៤) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការ​ពង្រឹងគោលការណ៍នីតិ​​រដ្ឋដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមាន ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿ​ទុកចិត្តពីសាធា​​រណជនមកលើរដ្ឋបាលសាធារណៈ។

នៅក្នុងពិធីដ៏មហោទ្បារិកនោះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសដំឡើងឋានៈដល់ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និងភារកិច្ច​ ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ​ការធ្វេីប្រតិកម្មមុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រេីន។ យ៉ាងណាមិញ នីតិវិធីនៃការតែងតាំងត្រូវអនុលោមតាមនីតិវិធី និងបទដ្ឋានជាធរមាន ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញបេសកកម្មលើការងារគ្រប់គ្រង និងអភិវឌ្ឍ​វិស័យមុខងារសាធារណៈ ព្រមទាំងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈប្រកប​ដោយ​ភាពបុរេសកម្ម សកម្ម ក្នុងការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈរបស់​រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជាពិសេស បានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ គួរជាទីមោទនៈ ក្នុងរយៈពេលជាង ៧ ខែកន្លងមកនេះ ៕