នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គិតចាប់ពេលចូលកាន់មុខតំណែង ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការត្រីភាគីដែលក្រសួងទាំង៣ បានអនុវត្តចំនួន៣លើក រួចមកហើយ។ ប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ ទើបតែបានមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអភិសន្តិបណ្ឌិត កាលពីខែមករា និងក្នុងខែមីនា ឆ្នាំ២០២៤។
លោក ស សុខា នឹងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទៅដល់ទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
ការទៅកាន់ប្រទេសវៀតណាម ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងតបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកស សុខា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។ ថ្នាក់ដឹកនាំក្រសួងទាំង៣ នឹងអញ្ជើញទស្សនាសមយុទ្ធកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានការចូលរួមពីកម្លាំងជំនាញរបស់វៀតណាម មកពីប្រទេសកម្ពុជា និងឡាវ ផងដែរ។
សូមជម្រាបថា ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤៕SRP