បុរស «ផលិតឧបករណ៍ឆក់ត្រី» ចែកចាយខេត្តចំនួន៦ ត្រូវបាទបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់និងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នេះដើម្បីចាត់វិធានការតាមនីតិវីធីច្បាប់ ក្រោយពីបានសាកសួរពាក់ព័ន្ធនឹងការផលិតឧបករណ៍នេសាទខុសច្បាប់។

សូមជម្រាបថា ប្រតិបត្តិការ បង្ក្រាបធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងរោងសិប្បកម្មកែច្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ ឆក់ត្រីខុសច្បាប់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយកម្លាំងចម្រុះ តាមបញ្ជារបស់ព្រះរាជអាជ្ញារង។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញវត្ថុតាងពាក់ព័ន្ធ នឹងការផលិត នឹងទិញលក់ឧបករណ៍ឆក់ត្រី រួមមាន ត្រង់ស៊ីសស្ទឺ ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រំដុំភ្លើង ប្រអប់ផ្គុំ (ដុំស្នួក) និងទូរស័ព្ទដៃ។ ម្ចាស់ទីតាំងឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ។

សូមជម្រាបថា ជនសង្ស័យ ឈ្មោះ មុត វ៉ា រូបនេះ បានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ទៅតាមបណ្តាខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង និងត្បូងឃ្មុំ៕