ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានបំភ្លឺថា៖ច្រាំងស្ទឹងដែលបាក់ស្រុត នេះ ស្ថិតក្នុងអំឡុងពេលសុពលភាព ជួសជុលថែទាំ របស់ក្រុមហ៊ុននៅឡើយ ដូច្នេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្តនឹងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ។
សេចក្ដីបំភ្លឺ របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា
៖ ថ្មីៗនេះ មានបណ្តាញសង្គម បានបង្ហោះពីច្រាំងស្ទឹងសង្កែ ដែលបានបាក់ស្រុត ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយ បូមទឹកនៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) និងថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច យើងពិនិត្យឃើញថា ច្រាំងស្ទឹង ដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ ចំពោះទីតាំងច្រាំងស្ទឹង ដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ៕