ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះ សំ ស៊ី ហៅ ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើចំការបានចម្លើយសារភាពថា៖ ពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ពិតប្រាកដមែន ដោយកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែខ្លួនបានគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២៤ ម៉ោងប្រហែល១៣ និង៣០នាទី បានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវ១ដើម ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះ កំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ចំកចំនួន៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើ សាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដោយចំណាយ ពេលត្រឹមតែ២០ម៉ោង។
ករណីឃាតកម្មនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង។ ជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ។ ដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន៖ ១.ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ១ដើម មានប្រវែង០,៦២ម៉ែត្រ។ ២.ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព០១ (មានប្រឡាក់ឈាម)។ ៣.អាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព១។
កម្លាំងនគរបាលជំនាញបានធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន។ បច្ចុប្បន្នត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមសមត្ថកិច្ច ករណីនេះផ្តើមចេញ ពីទំនាស់ពាក្យសំដីឈានដល់ការលបកាប់សម្លាប់ស្ត្រីឲ្យស្លាប់តែម្ដង៕