រដ្ឋមន្ត្រី ឈាង រ៉ា សូមឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំ ក្នុងការពង្រឹងសេវាសុខាភិបាល ឱ្យបានប្រសេីរបន្ថែម​ទៀត

រដ្ឋមន្ត្រី ឈាង រ៉ា សូមឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំ ក្នុងការពង្រឹងសេវាសុខាភិបាល ឱ្យបានប្រសេីរបន្ថែម​ទៀត

ខេត្តកំពង់ចាម​៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសូមឱ្យអាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាលឱ្យបានប្រសេីរថែមទៀត ដោយមន្ទីរពេទ្យខេត្តកំពង់ចាម​ នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់នាពេលខាងមុខនេះ។

រដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។

លោក ឈាង រ៉ា ក៏​បាន​ស្នេីឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាល ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកល​ផងដែរ​។

លោក ឈាង រ៉ា ក៏មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

រដ្ឋមន្ត្រីសុខាភិបាលថ្លែងបែបនេះ នៅល្ងាច​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ ក្នុងឱកាសអញ្ជើញចុះពិនិត្យការផ្តល់សុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីសំណេះសំណាល​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមខិតខំ ទោះបីការងារនៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាល នៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា៕