កាណាដា សម្រេចបើកការិយាល័យកុងស៊ុល របស់ខ្លួន ប្រចាំខេត្តសៀមរាប

កាណាដា សម្រេចបើកការិយាល័យកុងស៊ុល របស់ខ្លួន ប្រចាំខេត្តសៀមរាប

ខេត្តសៀមរាប៖កាណាដា បានបើកសម្ពោធការិយាល័យកុងស៊ុល របស់ខ្លួន ​ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤។​

លោក ប្រាក់​ សោភ័ណ​ អភិបាលខេត្ត​សៀមរាប នៅរសៀល​ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានជួបសម្តែងការគួរសម​ជាមួយលោកជំទាវ Ping Kitnikone ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា និងប្រតិភូអមដំណេីរ​ ព្រមទាំងមានការអញ្ជេីញចូលរួមពីលោក​ នាយករដ្ឋបាលសាលាខេត្ត​ លោក​ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ​ និងសហប្រតិបត្តិការអន្តរជាតិ​សាលាខេត្ត​ និងមន្រ្តីពាក់ព័ន្ធផងដែរ។

លោក ប្រាក់​ សោភ័ណ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ Ping Kitnikone ដែលបានចូលជួបសម្តែងការគួសម និងសូមអបអរសាទរ​ ព្រមទាំងសូមស្វាគមន៍ ចំពោះការសម្ពោធដាក់ឱ្យដំណេីរការនៃការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ​នាពេលនេះ​ ដែលកត្តានេះបានបង្កេីននូវសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប មួយកម្រិតទៀត។

អភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កាណាដា ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍លេីគម្រោងនានា នៅលើទឹកដីខេត្តសៀមរាប ដែលនេះជាកាយវិការ​មួយ​ នៃការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរឹតចំណងមេត្រីភាព រវាងកម្ពុជា​ និងកាណាដា ក៏ដូចជាខេត្តសៀមរាប បន្ថែមទៀតផងដែរ៕