លោកហ៊ុន ម៉ានិត ប្រាប់អាជ្ញាធរខេត្តសមត្ថកិច្ចកំពង់ចាម ឲ្យលុបបំបាត់ល្បែងស៊ីសង រួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចបង្កអស្ថិរភាពក្នុងមូលដ្ឋាន

0

ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ច និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម បានថ្លែងប្រាប់អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ចាម គ្រប់ជាន់ថ្នាក់ បងប្អូនពូមីង អ៊ំ ប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ពង្រឹងគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសង រួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចបង្កអស្ថិរភាពក្នុងមូលដ្ឋាន។ ជាពិសេស សូមរួមគ្នាថែក្សាការពារ សមិទ្ធផល ដែលកើតមាន ថែរក្សាសុខសន្តិភាពឱ្យស្ថិតស្ថេរតរៀងទៅ។

លោកហ៊ុន ម៉ានិត ថ្លែងណែនាំបែបនេះ ក្នុងឱកាស បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ ឆ្លងឧបដ្ឋានសាលា និងពុទ្ធាភិសេក នៅវត្តអម្ពវនារាម (តាអុង) ស្ថិតនៅភូមិតាអុង ឃុំតាអង ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤។

លោកហ៊ុន ម៉ានិត បានថ្លែងបន្តថា កត្តាសុខសន្តិភាព បានរុញនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ មានសុខដុមរមនាខាងសាសនា។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រពីប្រជាជន កម្ពុជា សម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ ដើម្បីលើកស្ទួយជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង។

លោកបន្តថា សមិទ្ធផល ដែលកើតចេញជារូបរាងនៅពេលនេះ គឺកើតឡើងពីការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គណៈកម្មការវត្តគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយទាំងអស់។ នេះជាវប្បធម៌នៃការចែករំលែក បម្រើប្រយោជន៍សាធារណៈ។

លោកបានបញ្ជាក់ថា វត្តតាអុង បានចាប់ផ្តើមកសាងដំបូងចាប់តាំងពីឆ្នាំ១៩៥៣ ហើយមកដល់ពេលនេះមានអាយុកាល ៧១ ឆ្នាំ។ កាលពីជំនាន់ប៉ុលពត វត្តនេះត្រូវបានបោះបង់ចោល គ្មានការគោរពបូជាសាសនាឡើយ៕