លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី នៅថ្ងៃពុធ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារកុមារី ងាយរងគ្រោះ ឈ្មោះ អ៊ីម ស៊ីឃាង អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ ដែលមានលោកពុក ឈ្មោះ ចក់ អ៊ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះហោ ណារ៉ា អាយុ៣៦ឆ្នាំ កំពុងព្យាបាលជំងឺសតិអារម្មណ៍ មានកូន៣នាក់ក្មួយស្រី ជាកូនទី២ក្នុងចំណោមបងប្អូន ទាំង៣ ព្រមទាំងនាំយកអំណោយដល់គ្រួសារ ដែលងាយរងគ្រោះ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងផងដែរ។
លោកសុខ លូ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារ កុមារី អ៊ីម ស៊ីឃាង និងប្រជាពលរដ្ឋដែលងាយរងគ្រោះនាពេលនេះ។
លោកក៏បានក្រើនរម្លឹកដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូន ទៅមណ្ឌលសុខភាព ដែលនៅជិតបំផុត ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ ហើយសូមកុំទុកដីឱ្យនៅទំនេរចោល ដោយត្រូវដាំដំណាំជុំវិញផ្ទះធម្មជាតិ ដែលអាចជួយកាត់បន្ថយការចំណាយផ្សេងៗផងដែរ។
សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះ មានទំហំ ៤.៤០ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ដោចំណាយថវិកាក្នុងការសាងសង់សរុប ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិកគត់)។
ក្នុងនោះដើម្បីជួយសម្រាលដល់ជីវភាព រស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូន អំណោយជូនដល់ក្រុមគ្រួសារកុមារ អ៊ីម ស៊ីឃាង រួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី៥កេស,ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ៥យួរ ត្រីខ៥០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួន។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក៏បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅជិតខាងចំនួន ៥០គ្រួសារ ក្នុងដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកស៊ីអ៊ីវ១យួរ ទឹក ទឹកបរិសុទ្ធ១កេស និងថវិកាមួយចំនួនផងដែរ៕

