លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានសហការរក្សាគ្នា បានសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ជាការរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និង ការវិនិយោគ ព្រមទាំងសម្រាប់ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របស់សាធារណៈ ជនទូទៅ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ទទួលបានភាពកក់ក្តៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត នៅរមណីយដ្ឋានអង្គរ។
អភិបាលក្រុងបានប្តេជ្ញាបន្តពង្រឹង លើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំសោភណ្ឌភាព ការដាក់ឲ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ និង គម្រោងរៀបចំបង្កើតរចនាសម្ព័ន្ធ រដ្ឋបាលក្រុងថ្មី ដើមី្បបម្រើសេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាព ប្រជាពលរដ្ឋ ឲ្យកាន់តែ ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក នួន ពុទ្ធារ៉ា លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលា ក្រុងសៀមរាប។
ក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យទី៩ និង ជម្រុញការអនុវត្តគោលយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែង របស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និង សម្តែងការអបអរសាទរ ចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយ។
រដ្ឋលេខាធិការបន្តថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់ បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយ ជាប្រចាំផងដែរ។
រដ្ឋលេខាធិការបានបន្តទៀតថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ។
នាយឧត្តមសេនីយ៍បានបន្តទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង ,បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួបនេះ ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ ព្រោះថាគ្រឿងញៀន នេះ ធ្វើឱ្យអសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ៕