រថយន្តបុកម៉ូតូបណ្ដាលឲ្យមន្ត្រីយោធាម្នាក់ស្លាប់ភ្លាមៗនៅស្រុកវ៉ារិន

0

ខេត្តសៀមរាប៖មន្ត្រីយោធាមួយរូបកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញកំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ នេះបើតាមព័ត៌មានបឋមពីសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង 14និង50នាទី ថ្ងៃទី14 ខែមករា ឆ្នាំ2024 ត្រង់ចំណុច ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកវ៉ារិនបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូបង្កដោយរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2C-7069 ដែលបើកបរដោយឈ្មោះ គង់ ថង ឌីយ៉ត ភេទ ប្រុស អាយុ50ឆ្នាំ រស់នៅភូមិផ្សាដំដែក ឃុំដំដែក ស្រុកសុនិគម បានបើកបុកម៉ូតូវេវពាក់ផ្លាកលេខ ភ្នំពេញ 1F- 2616បើកបរដោយឈ្មោះ ព្រិន្ទ សាវុធ ភេទប្រុសអាយុ54ឆ្នាំ (មុខរបរជាទាហាន )រស់នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប (បច្ចុប្បន្ន រស់នៅ ភូមិឃុំកើតហេតុខាងលើ )បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

សមត្ថកិច្ចបានប្រាប់បន្តថា បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពីណី។ចំណែកឯរថយ្តនឹងម្ចាស់រថយន្តត្រូវបាននគរបាចរាចរណ៍នាំយកមកប៉ុស្ត៍នគរបាលឃុំស្រែណូយ ដើម្បីធ្វើការសាកសួរនិងបន្តនីតិវិធី។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕