ភ្នំពេញ៖ក្រុមមន្ត្រីរបស់ក្រសួងមហាផ្ទៃ ចំនួន១០រូបបានចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីចុះ សិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ ការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងលិខិតបង្គាប់ការនេះ ចុះហត្ថលេខាដោយលោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
បើតាមឯកសារបានឲ្យដឹងថា ក្រុមការងារនឹងជួបសម្ភាសន៍ជាមួយប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ , លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , អភិបាលរងខេត្តចំនួន ១០រូប , សមាជិកក្រុម ប្រឹក្សាខេត្ត , លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិអភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបថាលោកសាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដោយលោកបានទម្លាយអាថ៌កំបាំង និងរិះគន់ លោកអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោះស្រាយរឿងចិញ្ចឹមរឿង។
ក្នុងនោះលោកសាន ស៊ានហួ បានស្នើសុំ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្លាស់ប្ដូរអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុ រាត្រី ចេញពីតំណែង។
គួរបញ្ជាក់ថាកន្លងមកថ្មីៗ នេះ ក៏មានអ្នកភូមិប្រមាណជាង ១០០ គ្រួសារ រស់នៅក្រុងប៉ោយប៉ែត បានគោរពស្នើសុំឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាផ្លាស់ប្ដូរមុខ ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលរងខេត្តមួយរូបទៀតផងដែរ៕

