ឯកឧត្តម ប្រាក់ សោភ័ណ៖ យើងគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី «ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា»​

0

ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ​ អភិបាលខេត្តបានថ្លែងថា ដើមី្បធ្វើឱ្យខេត្ត ក្រុងសៀមរាប យើង កាន់តែមានសោភណ្ឌភាព ថែមទៀតនោះ យើងគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី «ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា» កត្តានេះហើយយើងគ្រប់រូបត្រូវមានស្មារតី យកចិត្តទុកដាក់នៅគ្រប់វិនាទី ក្នុងការរៀបចំទុកដាក់សម្រាម ឱ្យបានត្រឹមត្រូវ ទៅតាមការណែនាំ របស់មន្ត្រីជំនាញ នៅគ្រប់មូលដ្ឋានទីកន្លែងទាំងអស់ និង រួមគ្នាលុបបំបាត់ការប្រើប្រាស់ ប្លាស្ទីច ដែលនាំធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព និង បំពុលបរិស្ថាន នៃភពផែនដីទៀតផង។

ឯកឧត្តម ប្រាក់ សោភ័ណ បានផ្តាំផ្ញើដល់បងប្អូនអ្នកអនាម័យ បរិស្ថានទាំងអស់ នៅពេលធ្វើការបោសសម្អាត សូមប្រើប្រាស់ម៉ាស់ ឱ្យបានគ្រប់ៗគ្នា ដើមី្បការពារ និង រក្សាបាននូវសុភាពរបស់ខ្លួន និងសូមឱ្យបន្តចូលរួម ក្នុងការធ្វើអនាម័យ បរិស្ថាន នៅក្នុងកម្មវិធីនៅពេលក្រោយៗទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវវត្ថុកំដរដៃ ជូនដល់បងប្អូនអ្នកសម្អាតអនាម័យ ទាំង១៧៦នាក់ដោយម្នាក់ៗទទួលបាន ទឹកសុទ្ធ ១កេស​ ភេសជ្ជៈ​ ១កេស និង ថវិកា ១០ម៉ឺនរៀលផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ​ ថ្លែងបែបនេះក្នុងឱកាស
ជួបសំណេះសំណាល ជាមួយបងប្អូនអ្នកសម្អាតអនាម័យបរិស្ថានចំនួន​ មកពីមន្ទីរបរិស្ថានខេត្ត ក្រុមហ៊ុន Gaea.plc ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green គ្រឹះស្ថានអង្គរ នៅថ្ងៃពុធម្សិលមិញ។

ឯកឧត្តម ប្រាក់ សោភ័ណ​ បានធ្វើការកោតសរសើរនិងថ្លែងអំណរគុណ ចំពោះបងប្អូនក្រុមការងារសម្អាតអនាម័យទាំងអស់ ដែលបានចូលរួមយាងសស្រាក់សស្រាំ​ក្នុងការសម្អាតអនាម័យ​ ដល់បងប្អូនដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣ នេះ ដោយមិនគិតពីភាពនឿហត់នោះឡើយ​ ដោយបានលះបង់ពេលវេលា ធ្វើការសម្អាតមិនឱ្យប៉ះពាល់ដល់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត ក្នុងរយៈពេល៤ថ្ងៃនៃកម្មវិធីនេះ៕