លោកហ៊ុន ម៉ាណែត៖ «ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ»

នៅមុខប្រជាពលរដ្ឋ មន្ត្រីអ្នកចូលរួម ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រហស្បតិ៍ ម្សិលមិញ លោកហ៊ុន ម៉ាណែត បានថ្លែងទៅកាន់បញ្ជាក់ថា «ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ»ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍ របស់ ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈ ការបង្កើតយន្តការ ជាច្រើនចុះបម្រើប្រជាពលរដ្ឋ ផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារផងដែរ។

លោកហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈ សុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយ រុងរឿង ដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនាៗ ទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន៕SRP