នាយករដ្ឋមន្ត្រី៖ ខ្ញុំអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា

0

សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា។

សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍​ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍​ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២​ ខែមេសា ឆ្នាំ ២០២៣​ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង។​

សម្ដេចបានបន្តថា ទោះបីយេីងទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ ហេីយរាជរដ្ឋាភិបាល ទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់ ធ្វេីតេស្តរហ័ស​ សម្រាប់ការជួបជុំក៏ដោយ​ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន​ សុំបន្តលើកកម្ពស់ ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕SRP