ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ត្រូវបានប្រកាសជាអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល នៅរសៀលថ្ងៃនេះ
ទៅតាមអនុក្រឹត្យ របស់រដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ក្នុងពិធីប្រកាស អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអំពាវនាវអោយគ្រប់អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលក្រុងប៉ោយប៉ែត បន្តគាំទ្រលោក គាត ហ៊ុល បន្តដឹកនាំរដ្ឋបាលក្រុងប៉ោយប៉ែត បន្តទៀត ដើម្បីអោយកាន់តែរីកចំរើន និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ស្របតាមគោលនយោបាយរដ្ឋាភិបាល។
លោក អ៊ុំ រាត្រី បានបន្តថា សមិទ្ធផល និងស្នាដៃដែលរដ្ឋបាល ក្រុងប៉ោយប៉ែត សម្រេចបាននាពេលកន្លងមក ពិតជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសន្តិសុខ ស្ថេរភាពនយោបាយ សេរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ដែលជាការរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច ប្រទេសកម្ពុជា ទទួលបានកំណើនគួរឲ្យគាត់សម្គាល់ បន្ទាប់ពីរងនូវវិបត្តិដែលបណ្ដាលមកពីជំងឺកូវីដ-១៩ និងបានបង្កលក្ខណៈសម្បត្តិ ដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ សំដៅកសាងសង្គមកម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយចីរភាពជាបន្តទៀត។
លោកថា សមិទ្ធផល និងស្នាដៃដែលសម្រេចបានទាំងនេះហើយ ទើបលោក គាត ហ៊ុល ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្ត តែងតាំងជា អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
សូមបញ្ជក់ថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចាប់តាំងពីឡើងកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែត បានរយៈពេលបួនឆ្នាំ ទោះបីក្នុងដំណាក់កាល នៃការរាលដាលខ្លាំង នៃជំងឺកូវីដ-១៩ ក៏ដោយក៏ក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោក គាត ហ៊ុល មានសមិទ្ធិផលជាច្រើនបានកើតឡើង ដូចជា ៖ រង្វងមូលមាត់ច្រកអន្តរជាតិប៉ោយប៉ែត សួន សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាបេតុង និងថ្មមិចជាច្រើនផងដែរ៕SRP