លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តាដែលនាំឱ្យយើងអាចជួបជុំគ្នាសប្បាយរីករាយទៅបាន គឺអាស្រ័យទៅលើកត្តា ៣យ៉ាង គឺ ទី១– កត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួបជុំគ្នាទៅបាន។ ទី២- កត្តាការ គ្រប់គ្រងជំងឺកូវីដ១៩ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិត ប្រជាពលរដ្ឋ ទើបយើងមានឱកាស ជួបជុំគ្នាសប្បាយរីករាយនានៅពេលនេះ។ ទី៣-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នា ទទួលទេវតាឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យ គ្រប់រូប សូមឱ្យមានការយោគយល់អធ្យាស្រ័យ គ្នាទៅវិញទៅមក ដេីម្បីបង្កភាពសប្បាយរីករាយ ទាំងអស់គ្នា និងសូមបេីកបរដោយមានការគោរព ច្បាប់ចរាចរ ជាពិសេសមុននឹងចាកចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ភ្លើងធុបទាន និងចាក់សោទ្វារ ឱ្យបានត្រឹមត្រូវផងដែរ។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្ត នៅសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរក្រុង មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបថាបន្ទាប់ពីពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី អភិបាលខេត្ត និងលោកជំទាវ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានចូលរួមលេងល្បែងប្រជាប្រិយ និងរលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅបំផុតផងដែរ៕SRP