ខេត្តសៀមរាប៖ក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល បានចុះសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាបក្សភូមិ ក្នុងភូមិរវៀង ឃុំស្រណាល ចំនួន ១៣០នាក់។
ការចុះសំណេះសំណាល របស់ក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល នេះធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែមេសា ឆ្នាំ ២០២៣ ដោយលោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល និងអនុប្រធានសមាជិក សមាជិកា គណបក្សឃុំ បក្សភូមិផងដែរ។
លោក សឹង្ហ សំរឹទ្ធិ បានអោយដឹងថា ការចុះសួរសុខទុក្ខនេះ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រឡាញ់។
លោក សឹង្ហ សំរឹទ្ធិ ដែលបានដឹកនាំចុះសួរសុខទុក្ខផ្ទាល់ បញ្ជាក់ផងដែរថា ក្រុមការងារគណបក្ស បានផ្តល់ជូនសំពត់បត់ ដល់សមាជិក បក្សក្នុងភូមិរវៀង ម្នាក់មួយ និងឧបត្ថម្ភ បងប្អូនប្រជាការពារភូមិចំនួន២០ម៉ឺនរៀលផងដែរ។
បើតាមលោក សឹង្ហ សំរឹទ្ធិ ក្រុមការងារ ក៏បានលើកស្លាក គណបក្សប្រជាជន ចំនួន១ ផងដែរនៅមុខផ្ទះ លោក អ៊ាន ឡិត ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប៕SRP

