អភិបាលខេត្តកំពង់ចាម​៖ «ការបញ្ជូនកូន ឱ្យ​ចូល​រៀន គឺជាការសន្សំទ្រព្យទុក»

អភិបាលខេត្តកំពង់ចាម បាន​អំពាវនាវ​សូម​ឱ្យ​មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ជួយជម្រុញ និងលើកទឹកចិត្ត ដល់កូន ចៅរបស់ខ្លួន ឱ្យ​ចូល​រៀន ដូចពាក្យស្លោកថា៖ «ការបញ្ជូនកូន ឱ្យ​ចូល​រៀន គឺជាការសន្សំទ្រព្យទុក» ហើយ​ឱ្យ​កូនរៀន ឱ្យ​ចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្ដម សិក្សា ដើម្បី ពួកគាត់ មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បី ទទួលបានប្រាក់ខែ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យ​កាន់តែរីកចម្រើន ផងដែរ។

អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សាថ្មី១ខ្នង ចំនួន៥បន្ទប់ នៃអនុវិទ្យាល័យត្រប់ ស្ថិត​ក្នុង​ឃុំត្រប់ ស្រុកបាធាយ ​នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣​ លោក អ៊ុន ចាន់ដា អភិបាលខេត្តបាន​ថ្លែង​ថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ របស់ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់កែទម្រង់ លើវិស័យអប់រំ ជាពិសេស លើគោលនយោបាយ បង្កើនការកសាងអគារសិក្សា​ឱ្យ​បានច្រើន និងនៅជិតផ្ទះ ប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅ​ចូល​សិក្សារៀនសូត្រ។

អភិបាលខេត្ត បាន​បញ្ជាក់​ថា​ អគារសិក្សានេះត្រូវចំណាយ ថវិកាអស់ ៨៥,២៧២ ដុល្លាអាមេរិក ដែលជាគំនិតផ្តួចផ្តើមដឹកនាំកសាង ដោយព្រះទេព្វានុបាល ផល សុភាព ព្រះធម្ម ធរអនុគណស្រុក និងជាព្រះចៅអធិការវត្តប្រើមាស រួមជាមួយនឹងពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ ក្នុងនោះក៏មានជំនួយរបស់សាសនចក្រ​គ្រិស្ត​បរិស័ទ​ថ្ងៃ​ចុងក្រោយផងដែរ។

លោកបាន​បន្ត​ថា​ ការចូលរួមរបស់ព្រះសង្ឃ និងសប្បុរសជនទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមអភិវឌ្ឍ សង្គមជាតិ របស់យើង ៕SRP