លោក សុខ លូ ប្រាប់មន្ត្រីឲ្យទប់ស្កាត់ ការលួចឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ ដល់លោកអភិបាលស្រុក និងប្រធានច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ទាំងអស់ ត្រូវធ្វើការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ នៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់នានាក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង។ លោកថា បើករណីមានការលួចជួញដូរមនុស្សខុសច្បាប់ ត្រូវធ្វើការស្វែងរកឱ្យឃើញ នូវមេខ្លោងក្នុងការនាំមនុស្សចេញចូលខុសច្បាប់ ក៏ដូចជាត្រូវចូលរួមក្នុងការទប់ស្កាត់ ការនាំចូលទំនិញខុសច្បាប់ ដោយមិនមានការបង់ពន្ធ ធ្វើឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផងដែរ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមីនា ឆ្នាំ២០២៣ នៅរសៀលថ្ងៃចន្ទ ម្សិលមិញ លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធ ទៅនឹងបញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ ដែលកើតមាននៅក្នុងភូមិសាស្រ្ដ របស់ខ្លួន ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប ឱ្យបានមានប្រសិទ្ធភាពបំផុត។

លោកបានបន្តទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងមានព្រឹត្តិការណ៍សង្រ្កាន្ដឆ្នាំថ្មី ដូចនេះសូមលោក លោកស្រីអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវរៀបចំក្រុមប្រចាំការឱ្យបានរួចជាស្រេច ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានរួចជាស្រេច ព្រោះថាឥឡូវនេះ ជារដូវក្ដៅ ហើយអាកាសធាតុ ហាក់បីដូចជាកាន់តែមានកម្ដៅជាងមុន ដែលងាយនឹងបង្កឱ្យបានជាគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្រ្តាក់ជាដើម ពិសេសគឺអាចបង្កឱ្យមានអគ្គិភ័យ ឆាបឆេះឡើង ដូចនេះត្រូវត្រៀម រួចជាស្រេចក្នុងការចេញអន្តរគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីកើតឡើងណាមួយជាយថាហេតុ៕SRP