មន្ត្រីខេត្តសៀមរាប ចាប់ខ្លូនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិ ករណីកាប់ទន្ទ្រានដីព្រៃឈើ នៅភូមិសាស្ត្រស្រុកស្វាយលើ

មន្ត្រីខេត្តសៀមរាប ចាប់ខ្លូនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិ ករណីកាប់ទន្ទ្រានដីព្រៃឈើ នៅភូមិសាស្ត្រស្រុកស្វាយលើ

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់ខ្លួន ប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិម្នាក់ ករណីកាប់រលំដើមឈើនិងការទន្ទ្រានដីព្រៃឈើនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំ តាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ លោកមែន វុទ្ធី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រោយទទួលព័ត៌មានពីការកាប់រលំដើមឈើ និងការទន្ទ្រានដីព្រៃឈើ នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស៊ើបអង្កេតដោយពិនិត្យជាក់ស្ដែងទីតាំងបទ ល្មើសព្រៃឈើ និងបានជួបប្រជុំជាមួយប្រជាពលរដ្ឋ ជាសមាជិក សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ទទួលបានលទ្ឋផល ដូចខាងក្រោម៖១
ទីតាំងប្រព្រឹត្តបទល្មើសទីតាំងប្រព្រឹត្តបទល្មើសនៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍។

លោកមែន វុទ្ធី បានបន្តថា បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈឆ្នាំ ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវដីមួយខ្សែ ប្រវែង ៥ គីឡូម៉ែត្រ តាមព្រំប្រទល់ព្រៃសហគមន៍។ អ្នកផ្ដើមកសាងផ្លូវនិងមេក្លោង ប្រព្រឹត្តបទល្មើស មានឈ្មោះ ទិត សុខាក់ ជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិត្រពាំងពពេល និង ឈ្មោះ សរ ឈាន ជាអនុ ភូមិភូមិត្រពាំងពពេល។

បើតាម លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃនេះថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧។ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍ មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើ និងសមាជិក សហគមន៍ព្រៃឈើ បានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក។ បទល្មើសកាប់រលំដើមឈើ ភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។

ករណីនេះបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕SRP