លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទើបឡើងថ្មីត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ និងធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ។ -មន្រ្តីគឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយនោះទេ។ -ការបម្រើសេវារដ្ឋបាល គឺជាសូចនាករដ៏តម្លាភាពបំផុត ក្នុងការវាយតម្លៃមន្រ្តី ។ -រដ្ឋបាលមូលដ្ឋាន គឺក្តីរំពឹងអំពីជីវភាពប្រចាំថ្ងៃ របស់ប្រជាជនយើង។
ក្នុងពិធីផ្ទេរ និងតែងតាំងប្រធានសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកគួច ចំរើន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះលោកប្រធានថ្មី និងមន្ត្រីដែលបានតែងតាំងថ្មី ត្រូវបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ខិតខំប្រមូលចំណូលពន្ធឱ្យទទួលបានជោគជ័យ បន្ថែមទៀត និងសម្រេចបានសមិទ្ធផលថ្មីៗ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន បន្តអភិវឌ្ឍន៍ និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋបាលក្រុង-ស្រុក ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់។
បញ្ជាក់ លោក នង សុខុម អត្តលេខ១០៩៩ បច្ចុប្បន្នជាប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ត្រូវបានផ្ទេភារកិច្ចឱ្យទៅបំពេញការងារជាប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ៕SRP