អភិបាលខេត្តកំពង់ចាម​ ចុះ​ពិនិត្យ​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុង​ស្រុក​ព្រៃឈរ​

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅអង្គារនេះ បានដឹកនាំអភិបាលរងខេត្ត នាយក នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​នៃការ​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណង់ដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ មុន្នីរង្សី ស្ថិតក្នុងភូមិត្រមុខទី២ ឃុំតុងរុង ស្រកព្រៃឈរ។

សមិទ្ធផលដែលត្រូវបានផ្តល់ជូន រួមមាន៖ អគារសិក្សា ១ខ្នង ៣០បន្ទប់ -ទីចាត់ការ ២ខ្នង ក្លោងទ្វារ និងរបងសាលា – ផ្លូវបេតុងក្នុងសលា និងសួនច្បារភ្លោះ និងតារាងបាល់ទាត់ បាលទះ និងបាល់បោះ ផងដែរ។

អភិបាលខេត្ត រូបនេះក៏បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារសាងសង់អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ និងគម្រោងផ្លូវបេតុង ១ខ្សែ ដែលចំណងដៃរបស់សម្តេចហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងភូមិបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​៕SRP