ប្រមុខការពារជាតិ ប្រាប់អាជ្ញាធរខេត្តសៀមរាប ឲ្យទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

ប្រមុខការពារជាតិ សម្តេចទៀ បាញ់ បានប្រាប់ដល់អាជ្ញាធរខេត្តសៀមរាប ឲ្យត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ ទាំងវិធានការរដ្ឋបាល ក្នុងការការពារព្រៃឈើ និងដីឧទ្យានជាតិ ពីការកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិឯកជន។

សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើង ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃ អង្គារម្សិលមិញថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងការទប់ស្កាត់ការកាប់ទន្ទ្រានយកដីព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ។ ដូច្នេះដើម្បីបន្តការគ្រប់គ្រងអភិរក្សធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្ស រដ្ឋបាលខេត្តសៀមរាប ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
ត្រូវខិតខំយកចិត្តទុកដាក់ ផ្សព្វផ្សាយ អប់រំ និងណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងអ្នកពាក់ព័ន្ធនានាដើម្បីចូលរួមសហការក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ របស់ប្រទេសជាតិយើងឲ្យបានស្ថិតស្ថេរគង់វង្ស។ ត្រូវលើកកម្ពស់វិធានការណ៍បង្ការ និងទប់ស្កាត់សកម្មភាពការរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ឬដីនៅក្នុងតំបន់ការពារធនធានធម្មជាតិនិងគម្របព្រៃឈើ។

ក្នុងករណីរកឃើញសកម្មភាពខុសច្បាប់ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងទាំងអស់ត្រូវចាត់វិធានការរដ្ឋបាល ឬវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ ត្រូវណែនាំដល់អាជ្ញាធរភូមិឃុំមិនត្រូវចុះហត្ថលេខាលើឯកសារទិញលក់ ឬកាន់កាប់ដីព្រៃដែលខុសច្បាប់ទាំងនោះឡើយ។

សម្តេចទៀ បាញ់ ក៏បានជំរុញផងដែរ ដល់អាជ្ញាធរខេត្តមត្រូវសហការជាមួយក្រសួងស្ថាប័ននានា ត្រូវសិក្សារួមគ្នាឲ្យបានម៉ត់ចត់ដោយកំណត់តំបន់ណា ដែលត្រូវការពារ ក្នុងន័យសំដៅធ្វើយ៉ាងណាកាត់បន្ថយជម្លោះដីធ្លី និងបញ្ចប់ការទន្ទ្រានតំបន់ការពារធនធានធម្មជាតិ។

បើតាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុង២០២២ និងដើមឆ្នាំ២០២៣នេះ អាជ្ញាធរបានខិតខំសហការជាមួយក្រសួងស្ថាប័ននានា ក្នុងការដោះស្រាយវិវាទនានា ជាពិសេសវិវាទដីធ្លី។ ជាមួយគ្នានេះដែរ ក្រោមការផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងការបញ្ចប់លែងឲ្យមានសំណង់ខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

លោកថា អាជ្ញាធរខេត្តរួមជាមួយអ្នកពាក់ព័ន្ធ ក៏បានរៀបចំទីតាំងចំនួន២ គឺនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ក្នុងស្រុកអង្គរធំ ដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្ត ផ្លាស់ប្តូរទីលំនៅទៅកាន់ទីតាំងទាំងពីរនេះ ជាង៩ពាន់គ្រួសារ។ ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យ និងកំណត់នូវផ្ទៃដីតំបន់៣ តំបន់២ នៃដែនបឹងទន្លេសាប និងបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចរួចហើយផងដែរ៕SRP