ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មាន សិស្សសាលា ចំនួន២នាក់បានលង់ទឹកស្ទឹង បណ្ដាលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅល្ងាច ស្ថិតនៅក្នុងទឹកស្ទឹងជីនិត ត្រង់ចំណុចអន្លង់តាស្រ៊ែន ក្នុងភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំងាយប្រហែល៤០០០ម៉ែត្រពីផ្ទះជនរងគ្រោះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែមីនា ទើបរកសាកសពឃើញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សាខន ស៊ូកា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ(សិស្សថ្នាក់ទី៧) រស់នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទី២ឈ្មោះ លី ស្រីលែន ភេទស្រី អាយុ១៤ឆ្នាំ (សិស្សថ្នាក់ទី៨) រស់នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក។
សមត្ថកិច្ចបានថ្លែងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ និងមិត្តភ័ក្តមានប្រុសមានស្រី បានបបួលគ្នាទៅដុតមាន់នាំគ្នាហូបក្រោមដើមអំពិលនៅមាត់ស្ទឹងជីនិតនិងលេងទឹកតាមឆ្នេរខ្សាច់ ពេលកំពុងលេងទឹកឈ្មោះ សាខន ស៊ូកា និងឈ្មោះ លី ស្រីលែន ប្រឡែងគ្នាធ្លាក់ ក្នុងអន្លង់តាស្រ៊ែនទឹកជំរៅប្រហែល៤ម៉ែត្រ ក៏លិចបាត់ទាំងពីរនាក់បាត់ទៅ។
សមត្ថកិច្ចបន្តថាបើតាមការស្រាវជ្រាវ ស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ បានសន្និដ្ឋានថាកុមារី ទាំងពីរនាក់បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែននិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP