ការផ្សាយរបស់ខេមបូឌាដេលី ចោទថា«ហ៊ុន ម៉ាណែត» ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់

ការផ្សាយរបស់ខេមបូឌាដេលី ចោទថា«ហ៊ុន ម៉ាណែត» ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យកាសែត ខេមបូឌាដេលី ធ្វើការសម្រួលជាបន្ទាន់ បើគ្មានភស្តុតាងនោះទេ ដែលបានផ្សាយថារូបលោកជាមេបណ្តាញរកស៊ីឈើខុសច្បាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាវាមិនមែនជារឿងចម្លែកទេ ដែលសារព័ត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគ ដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំផងដែ។ កន្លងទៅខ្ញុំ មិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារព័ត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិត មកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។

ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។

បើសារព័ត៌មាន The Cambodia Daily Khmer ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិត ក្នុងការផ្សាយព័ត៌មាន មិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់៕SRP