លោកស្រី តោ ពិឡា ប្រាប់ពលរដ្ឋ សូមបន្តថែរក្សាសុខភាពឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត

លោកស្រី តោ ពិឡា ប្រាប់ពលរដ្ឋ សូមបន្តថែរក្សាសុខភាពឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត

លោកស្រីតោ ពិឡា បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាព ឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បី ការពារកុំឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ព្រមទាំង សូមបញ្ជូនអ្នកជំងឺទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលា។

លោកស្រីតោ ពិឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបឹងណាយ មានប្រសាសន៍អំពាវនាវយ៉ាងដូច្នោះ ក្នុងឳកាសតំណាងលោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ដែលមាន លោកទន្តបណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិតឯកទេស ភ្នែក តោ រេមី  ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងភូមិឈូកស ក្នុងឃុំបឹងណាយនៅថ្ងៃអាទិត្យម្សិលមិញ។

លោកស្រីតោ ពិឡា គូសបញ្ជាក់ថា នេះជាលើកទី៥ បើធៀបទៅនឹងផែនការគ្រោង ចំនួន ១៧លើក ស្មើនឹង ១៧ភូមិ ដែលយើងត្រូវ ដឹកនាំក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទូទាំងឃុំបឹងណាយ នៃស្រុកព្រៃឈរ នៅក្នុង ១សប្ដាហ៍ម្ដង។

លោកស្រីក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែបានចាត់បញ្ជូន ក្រុមការងារគ្រូពេទ្យជំនាញ ចុះបំពេញបេសកកម្មមនុស្សធម៌ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីនេះផ្ទាល់ ក៏ដូចជា នៅក្នុងទូទាំងប្រទេស ផងដែរ។ លោកស្រីបានចាត់ទុកសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរដែនដីក្នុងខេត្តកំពង់ចាម ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បី គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព ផងដែរ។

លោកស្រីនិងក្រុមការងារ បាននាំយកអំណោយ របស់លោកប៉ាន សូរស័ក្តិ ចែកជូនស្ត្រីកូនខ្ចីចំនួន ១០នាក់ នៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។

គូសបញ្ជាក់ដែរថា ការពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ គឺមានកិច្ចសហការ ពីក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដោយមិនមានការរើសអើង ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យជំនាញចំនួន ១០នាក់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋ ចំនួនសរុប ១០៥នាក់  ស្មើនឹង ២៧៨ករណី។ ជាមួយនោះ ក្រុមគ្រូពេទ្យក៏បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ចំនួន ០១នាក់ ទៅព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ផងដែរ៕SRP