សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាការអភិវឌ្ឍ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវអនុវត្តឲ្យកាន់តែសកម្មថែមទៀត ទៅលើវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ ដោយធ្វើប្រតិបត្តិការបង្រ្កាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកក្រើកឡើងវិញ ព្រមទាំងចុះធ្វើអធិការកិច្ចឃាត់ទុក ពលកម្មបរទេស សំដៅរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។
សម្តេចបញ្ជាក់ទៀតថា ក្នុងនោះក៏ត្រូវខិតខំជំរុញដល់ការអនុវត្តនូវគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងមូលដ្នាន ពិសេសសកម្មភាពជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហឹង្សានៅក្នុងគ្រួសារ និងបទល្មើសនានា នៅមូលដ្ឋានទូទាំងខេត្តបាត់ដំបង។
សម្តេចបានធ្វើការណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹង និងថែរក្សាសន្តិសុខជាតិ ដោយមានកិច្ចសហការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា បទល្មើសមិនប្រពៃណីនានា ដែលធ្វើឲ្យមានការវិវឌ្ឍប្រែប្រួលកាន់តែធ្ងន់ធ្ងរ ស្មុគស្មាញ។
សម្តេច ស ខេង ក៏បានថ្លែងនូវការលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច នៅខេត្តបាត់ដំបងគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍ជាប្រព័ន្ធក្នុងការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃការលាងសម្អាតប្រាក់របស់អង្គការក្រៅប្រទេសមួយ។
សម្តេចស ខេង មានប្រសាសន៍យ៉ាងដូច្នេះ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃពុធនេះ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ទៅលើសមិទ្ធផល ជាច្រើនដែលខេត្តសម្រេចបាន ក្នុងឆ្នាំ២០២២នេះ ជាពិសេសការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈម និងដំណោះស្រាយនានា ព្រមទំាងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់វិវាទ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់នៅក្នុង ខេត្តបាត់ដំបង ព្រមជាមួយគ្នានោះ អង្គសន្និបាតឆ្នាំនេះ បានធ្វើការពិភាក្សា តាមប្រធានបទចំនួន៥ គឺ ទី១.ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២-ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ទី៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទី៤-ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)និងទី៥-ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាពសណ្តាប់ធ្នាប់សាធារណៈ តាមទីប្រជុំជនក្រុង ស្រុក បានយ៉ាងផុលផុស សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាសុខដុមនីយកម្ម.សង្គមជាតិផងដែរ៕SRP

