ក្នុងនាមតំណាងឱ្យអាជ្ញាធរខេត្តកំពង់ចាម លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម បានលេីកឡើងថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងចៀសវាងជាដាច់ខាតនូវ ភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ នីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ ឱ្យខានតែបាន ចំពោះជនឆ្លៀតឱកាស ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព ឱ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋាន លក្ខខណ្ឌបច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។
លោកឡើងយ៉ាងដូច្នេះ នៅថ្ងៃពុធនេះ នៅសាលាស្រុកកងមាស ក្នុងឱកាស ដាក់ដេញថ្លៃ ដេីម្បីអនុវត្តការងារសាងសង់ គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៣ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៣គម្រោង ក្នុងឃុំចំនួន ៣ របស់ស្រុកកងមាស។
លោក ម៉ុក រ៉ាសឿន អភិបាល រងស្រុកកងមាស បានធ្វើការសំណូមពរ ដល់ គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុន អ្នកទទួលការទាំងអស់ ត្រូវអនុវត្តការងារគម្រោង ឱ្យមានតម្លាភាព ហេីយធ្វើការសាងសង់ ឱ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ជាសាធារណៈ។
គួរបញ្ជាក់ថា គម្រោងដែលបានដាក់ឱ្យដេញថ្លៃខាងលើ គឺមានផ្លូវចំនួន ៣ខ្សែ ដែលត្រូវស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន
១-ឃុំកងតាណឹង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ ទទឹង៧ម ទទឹង៣ម នៅភូមិកងតាណឹងទី៨ និងភូមិកងតាណឹងទី៦ តម្លៃប៉ាន់ស្មាជាង២៦៨លានរៀល បានទៅលើក្រុមហ៊ុន កេត ម៉េងឡាយ ក្នុងតម្លៃជាង ៩៦លានរៀល។
២-ឃុំព្រែកក្របៅ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣០០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅភូមិពាមក្នុង តម្លៃប៉ាន់ស្មានជាង ១៦១លានរៀល បានទៅលើក្រុមហ៊ុន សេន កុសែ ក្នុងតម្លៃជាង ៤៣លានរៀល។
៣-ឃុំរកាអារ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦០ម៉ែត្រ ទទឹង ៤មែត្រ នៅភូមិស្វាយស្រណោះ២ និងភូមិរកាអារ តម្លៃប៉ាន់ស្មានជាង ១៨៨លានរៀល បានទៅលើក្រុមហ៊ុន កេត សុខគាង ក្នុងតម្លៃ ៦៣លានរៀល។
ដោយនីតិវិធី នៃការដេញថ្លៃនេះ ប្រព្រឹត្តទៅដោយមានភាពរលូននោះប្រធានគណៈកម្មាការលទ្ធកម្មទាំង ៣ឃុំ បានធ្វើការប្រកាសទទួលយកទាំង ៣គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការទាំងនោះ សូមឱ្យអនុវត្តន៍ការងារសាងសង់ផ្លូវឱ្យមានគុណភាពល្អ និងធ្វើឱ្យត្រូវ តាមស្តង់ដារលក្ខណៈបច្ចេកទេស ជាប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP

