អាជ្ញាធរខេត្តព្រះសីហនុ សម្រេចចេញប័ណ្ណកម្មសិទ្ឋិដីធ្ល៏ជូនពលរដ្ឋ ចំនួន ១១៨ គ្រួសារ ក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត)ដកពាក្យបណ្តឹងទប់ស្កាត់

អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា ខ្លួនសម្រេច ចេញប័ណ្ណកម្មសិទ្ឋិដីធ្ល៏ជូនពលរដ្ឋ ចំនួន ១១៨ គ្រួសារ ក្រោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត)ដកពាក្យបណ្តឹងទប់ស្កាត់។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យវាយតម្លៃ កិរិយា នៃការកាន់កាប់ដី របស់ ប្រជាពលរដ្ឋ នៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំកំពង់សិលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកគួច ចំរើន បានបន្តថា កន្លងមកក្បាលដី របស់ប្រជាពលរដ្ឋ ដែលមានទីតាំងខាងលើ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានប្តឹងជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ឋ។ លោកថា ក្រោមកិច្ចខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញ បានខិតខំ សម្របសម្រួលជាមួយអង្គការ ដើម្បីចេញប័ណ្ណកម្មសិទ្ឋិមជូនបងប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យជាយូរឆ្នាំមកហើយ ជាលទ្ឋផលអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វាយអេត) បានឯកភាពដកពាក្យបណ្តឹងទប់ស្កាត់។

បើតាមគួច ចំរើន កិច្ចប្រជុំថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច ឲ្យរដ្ឋបាលស្រុកកំពង់សីលា និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវចាត់ចែងបន្តនីតិវិធី ចុះបញ្ជីចេញប័ណ្ណកម្មសិទ្ឋិ ជូនបងប្រជាពលរដ្ឋ រួមមាន៖
ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ ស្មើនឹង ៨៨ក្បាលដី ស្ថិតនៅនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា និងប្រជាពលរដ្ឋចំនួន ៥៣គ្រួសារ ស្មើនឹង ៥៨ក្បាលដី ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា៕SRP