លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដល់រដ្ឋាករទឹកស្វ័យតសៀមរាបឱ្យធ្វើការវិនិយោគ ទ្រង់ទ្រាយធំ លើការពង្រីកនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគៀគរនូវប្រភពទុនពដៃគូអភិវឌ្ឍនានា បាននាំមកនូវភាពជោគជ័យ ជូនរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់ទឹកស្អាត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ចក្ខុវិស័យត្រឹមត្រូវ មុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូន ដែលបានស្ម័ត្រចិត្តចាក ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និង តំបន់ពាក់ស្នែង ទទួលបានទឹកស្អាតប្រើប្រាស់។
ការស្នើយ៉ាងដូច្នេះដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ នៃការប្រើប្រាស់ទឹកស្អាតឲ្យបានពេញលេញក្នុងក្រុងសៀមរាប និងនៅតាមបណ្តាស្រុក ដែលនៅជិត ដែលចេះតែកើនឡើងយ៉ាងគំហុកនេះ។
លោករដ្ឋមន្រ្តី បានបន្តថា ការខិតខំរបស់ក្រសួង ក្នុងការស្វែងរកដៃគូរ ក្នុងកិច្ច អភិវឌ្ឍវិស័យទឹកស្អាតនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសណ្ឋាគារធំៗ ដែលទាមទានូវតម្រូវការទឹកស្អាត ប្រើប្រាស់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន និង តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។ ម៉្យាងទៀតការពង្រីកវិសាលភាព នៃប្រព័ន្ធទឹកស្អាតនេះ ក៏ជាការកាត់បន្ថយការប្រើប្រាស់ ទឹកក្រោមដី ក្នុងក្រុងសៀមរាប និង ជួយសង្រ្គោះដល់ប្រាង្គប្រាសាទអង្គរ កុំឱ្យរងគ្រោះដោយប្រការណាមួយ នៅពេលដែលគ្មានទឹកក្រោម ដីទ្រទ្រង់ប្រាសាទ។
លោកបានបានបញ្ជាក់ថា ស្ថិតក្រោមក្របខណ្ឌឥណទានពីភ្នាក់ងារអភិវឌ្ឍ បារាំង(AFD) ដែលមានសមត្ថភាពក្នុងការផលិត ចំនួន ១៥ពាន់ម៉ែត្រគូមក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីអាងបារាយណ៍ខាងលិច ក្នុងការផ្គត់ផ្គង់ក្នុងក្រុង។ ម្យ៉ាងទៀតបានរៀបចំ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គងទឹកស្អាតសៀមរាប ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) លើការងារសាងសង់រោងចក្រ ប្រតិកម្មទឹកស្អាតថ្មីមួយបន្ថែម ដែលមានសមត្ថភាពផលិត ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និង បានតភ្ជាប់បណ្តាញប្រព័ន្ធទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅអាកាសយានដ្ឋានថ្មីផងដែរ។
លោករដ្ឋមន្ត្រីអះអាងបែបនេះ នៅថ្ងៃសុក្រម្សិលមិញ ក្នុងឱកាសប្រកាសតែងតាំងលោក ចាន់ សេងឡា អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៦ ជំនួសលោក ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបត្រូវបានទៅកាន់មុខតំណែង ជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តសៀមរាប អាណត្តិទី៦៕SRP

