អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីសុខាភិបាល​ ឲ្យខិតខំបម្រើសេវារដ្ឋបាល និងសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ

0

ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់មន្ត្រីនៃមន្ទីរសុខាភិបាល​ ត្រូវខិតខំបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរ ពិសេសត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសម ជាមន្ត្រីផ្តល់សេវា ហើយត្រូវខិត ខំដោះស្រាយបញ្ហា ដែលមាននៅក្នុងមូលដ្ឋាន ក្នុងអង្គភាព ក៏ដូចជានៅក្នុងវិស័យ របស់ខ្លួន ពោលគឺ ត្រូវបង្កើនភាពជឿជាក់ ពីសំណាក់អ្នកជំងឺ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្តលើ វិស័យសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ សុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ មន្ទីរសុខាភិបាល់នៃរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃសុក្រម្សិលមិញ។

លោកអ៊ុន ចាន់ដា ក៏បានកោតសរសើដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផល ល្អប្រសើរ ក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុភាព ទាំងការប្រឹក្សា និងការព្យាបាលសុខភាព​ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអនុវត្តការងារ ស្រប​តាម​កម្មវិធី​​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​ ស្រប​តាម​ផែនការ​សុខមាលភាព​ និង​ផែនការ​វិជ្ជាសាស្ត្រ​។

អភិបាលខេត្ត ក៏បានក្រេីនរំលឹក​ដល់​ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវ​ណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា នៅ​តាមបណ្តារ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព​ សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់បម្រើសេវា​ឱ្យ​បាន​ល្អ ជូនដល់​បងប្អូន ដែលកាន់ប័ណ្ណ​ ប.ស.ស បើទោះជា​ពណ៌អ្វីក៏ដោយ សូមបម្រើ​ឱ្យ​បានស្មើៗគ្នា​ ពីពោះថា​ រាល់​ថ្លៃព្យាបាលគឺរដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួស​ឱ្យ​ពួកគាត់​ ពោលគឺ​ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួន ក្នុងការបំពេញភារកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ហើយងាកមកទទួលសេវា​សុខភាព នៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។

អភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំ កែប្រែកំហុសត្រង់ចំណុចខ្វះខាត ហើយងាកមកបម្រើសេវាព្យាបាល ជូនពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យ មានការថ្នាំងថ្នាក់ ដើម្បីទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលទាំងនេះ គឺចាត់ទុកថាជាការជួយដល់ខ្លួនឯង ហើយក៏ប្រៀបបានទៅនឹងការជួយដល់រាជរដ្ឋ ភិបាលផងដែរ៕SRP