លោកទៀ សីហា អភិបាលខេត្តសៀមរាប បានសូមថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ទាំងមូល ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា ជាពិសេស បានចូលរួមការពារនូវអធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងសន្តិភាព នៅកម្ពុជា ដោយឡែក ខេត្តសៀមរាប យើងខ្ញុំ ក៏បានទទួលនូវអត្ថប្រយោជន៍ នៃទំនាក់ទំនង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ការបណ្តុះបណ្តាល នូវធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគឺគម្រោង ទីក្រុងឆ្លាតវៃក្នុង ខេត្តសៀមរាប ហើយថ្មីៗនេះ ក៏បានសាងសង់អគារបន្ថែម ក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
លោក ទៀ សីហា បន្តថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត-ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងផងដែរ។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗ បន្ថែមទៀតឥតឈប់ឈរ។
លោកទៀ សីហា បញ្ជាក់បែបនេះ ក្នុងពិធីលៀងសាយភោជន៍អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា នៅសាលសន្និសិទសុខាសៀមរាប នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣៕SRP

